អន្តរជាតិ

រុស្ស៊ី៖តាមពិតទៅអាម៉េរិក និងណាតូកំពុងតែចង់បំបាក់ខ្លួនទេតើ

ទន្ទឹមនឹងសង្រ្គាមអូសបន្លាយយូរ និងកាន់តែតានតឹងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រមុខការទូតកំពូល​រុស្ស៊ីបាននិយាយថា តាមពិតក្រៅពីអ៊ុយក្រែន អាម៉េរិកនិងណាតូគឺជាអ្នកដែលកំពុងចង់បំបាក់​រុស្ស៊ីផ្ទាល់តែម្តង។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅដើមសប្តាហ៍នេះថា សហរដ្ឋអាម៉េរិក និងអង្គការណាតូ កំពុងស្វែងរកជ័យជម្នះលើសមរភូមិ ដើម្បីកម្ទេចរុស្ស៊ី។ ប្រាប់បន្តទៅកាន់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ TASS  Lavrov ថា “សកម្មភាពរបស់ប្រទេសនៃក្រុមលោកខាងលិចសមូហភាព និង ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលត្រូវបានគេគ្រប់គ្រង បញ្ជាក់ពីលក្ខណៈ​សកលនៃវិបត្តិអ៊ុយក្រែន” ។ “វាមិនមែនជារឿងសម្ងាត់ទេ ដែលគោលដៅយុទ្ធសាស្ត្ររបស់អាម៉េរិក និងសម្ព័ន្ធមិត្តណាតូ គឺជ័យជម្នះលើរុស្ស៊ីនៅលើសមរភូមិ។ វាជាយន្តការមួយសម្រាប់ធ្វើឱ្យប្រទេស​របស់យើងចុះខ្សោយ ឬបំផ្លាញប្រទេសរបស់យើង”។

លោក Lavrov បានបន្ថែមទៀតថា សហរដ្ឋអាម៉េរិកនៅតែជា “អ្នកទទួលផលសំខាន់” នៃសង្គ្រាម​អ៊ុយក្រែន ខណៈពេលដែលកំពុងបន្ត “គោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងការ​បំបែកទំនាក់ទំនងរុស្ស៊ី-អឺរ៉ុបដូចទម្លាប់ ដើម្បីដណ្តើមយកអឺរ៉ុបបន្ថែមទៀត”។ “អាម៉េរិក​កំពុង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អូសបន្លាយ​ជម្លោះ និង​ធ្វើ​ឱ្យ​មាន​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង។ មន្ទីរបញ្ចកោណកំពុងរៀបចំ​ផែនការដោយបើកចំហនូវការបញ្ជាទិញសម្រាប់ឧស្សាហកម្មការពារជាតិអាម៉េរិកសម្រាប់ឆ្នាំខាងមុខ ដោយបង្កើនរបារសម្រាប់ការចំណាយផ្នែកយោធាឥតឈប់ឈរ… និងទាមទារដូចគ្នាពីសមាជិក​ដទៃទៀតនៃ  សម្ព័ន្ធភាពប្រឆាំងរុស្ស៊ី”។

មិនមានការប្រតិកម្មថ្មីពីសំណាក់អាម៉េរិកទេ តែអ្នកការទូតរបស់គេបានប្រាប់ទៅកាន់រុស្ស៊ីរួចហើយថា ការចង់ចរចារបស់រុស្ស៊ីគឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ លក្ខខណ្ឌរបស់រុស្ស៊ីគឺមិន​សមរម្យ​សម្រាប់អ៊ុយក្រែនទទួលយកទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា