អន្តរជាតិ

រុស្ស៊ីបិទការនាំចេញប្រេងទៅកាន់ប្រទេសដែលបានបន្ថោកប្រេងខ្លួន

រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា នឹងបិទការនាំចេញប្រេងនៅឆ្នាំ២០២៣ ក្នុងរយៈពេលយូរតែម្តង​សម្រាប់ប្រទេសណាដែលបានធ្វើបាបរុស្ស៊ី កំណត់បន្ទាបតម្លៃប្រេងខ្លួន។

មិនបានប៉ុន្មានបន្ទាប់ពីក្រុមហ៊ុនថាមពលជាតិរុស្ស៊ីទើបបានប្រកាសជូនដំណឹងពីការកាត់បន្ថយការនាំចេញប្រេងសោះ ទីបំផុតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារ ទី២៧ខែធ្នូ ស្រាប់តែបានចុះហត្ថលេខាលើក្រឹត្យហាមឃាត់ការលក់ប្រេង និងផលិតផលប្រេងតែម្តងដល់​ប្រទេសនានាដែលចូលរួមក្នុងការកំណត់តម្លៃប្រេងរុស្ស៊ីនាដើមខែធ្នូហើយ។ ក្រឹត្យ​របស់​វិមាន​ក្រឹមឡាំង​បាន​បញ្ជាក់​ថា​៖ “វានឹងចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ហើយនឹងបន្ត​អនុវត្ត​រហូត​ដល់​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២៣”។ ការហាមឃាត់នេះ ក្រឹត្យមិនបានរៀបរាប់ឈ្មោះប្រទេសណាមួយចំៗនោះទេ ខណៈកាលពីដើមខែធ្នូ ប្រទេសនៃសហភាពអឺរ៉ុបជាច្រើន ព្រមទាំងអូស្រ្តាលីក្តី សុទ្ធតែបានចូលរួម​កំណត់តម្លៃប្រេងរុស្ស៊ីចុះសល់ត្រឹម ៦០ដុល្លារក្នុងមួយបារែល។

បើទោះជាយ៉ាងណា ប្រធានាធិបតីពូទីនបាននិយាយថា ក្រឹត្យក៏នឹងលើកលែងក្នុងករណីពិសេស​ណាមួយ ខណៈដែលកាលបរិច្ឆេទដែលប្រុងនៅថ្ងៃទី ១ខែកុម្ភៈអាចនឹងមានការផ្លាស់ប្តូរអាស្រ័យ​លើស្ថានភាពជាក់ស្តែង។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ប្រទេសរុស្ស៊ីគឺជាប្រទេសនាំចេញប្រេង និងផលិតផលប្រេងដ៏ធំបំផុតទៅកាន់សហភាពអឺរ៉ុប ដោយផ្គត់ផ្គង់ប្រេងប្រហែល ២,២ លានបារ៉ែលក្នុងមួយថ្ងៃ និងផលិតផលប្រេង ១,២ លានបារ៉ែលក្នុងមួយថ្ងៃ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា