សន្ដិសុខសង្គម

មងនិងឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវដុតកម្ទេចចោល

បាត់ដំបង៖មងជាង៤.០០០ម៉ែត្រ រួមទាំងឧបករណ៍នេសាទខុសច្បាប់ជាច្រើនដែលដកហូតពី​តំបន់អតីតឡូតិ៍នេសាទក្នុងបឹងទន្លេសាបនិងតំបន់អភិរក្ស ត្រូវសមត្ថកិច្ចពាក់ព័ន្ធយកដុតកម្ទេចចោល។

មន្ត្រីនគរបាលបានឱ្យដឹងថា យុទ្ធនាការបង្ក្រាបបទល្មើសនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំនៅត្រង់បឹងរហាលអតីតឡូតិ៍នេសាទលេខ៤ក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។លទ្ធផលក្នុងការបង្ក្រាបរួមមានសាច់មងប្រវែង៤.១០​០​ម៉ែត្រ-បង្គោលឈើសម្រាប់ចងសាច់មង​៣០០ដើម-ក្បាលឡុកចាប់ត្រី១១ឡុក-ឧបករណ៍ឆក់-ដងឆក់២គ្រឿង។

ក្រៅពីនេះបានលែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញប្រមាណ២៥០គីឡូក្រាម។ចំពោះសម្ភារល្មើស​ខាងលើត្រូវបានមន្ត្រីជំនាញសម្រេចដុតបំផ្លាញចោលនៅហ្នឹងកន្លែងតែម្តង៕ដោយ: ព្រះអង្គខ្មៅ