សេដ្ឋកិច្ច

ផ្លែ​មៀន​ស្រស់​កម្ពុ​ជាជាង​២៦០០​តោន ត្រូវបាន​នាំចេញ​ទៅដល់​ប្រទេស​ចិន​

​ភ្នំពេញ​៖ លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា ជាង​២,៦០០​តោន​ត្រូវបាន​នាំចេញ​ទៅដល់​ប្រទេស​ចិន​ហើយ​នៅ​ថ្ងៃទី​១២ ខែធ្នូ បាន​ចូលទៅក្នុង​វេទិកា​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច​ដ៏​ល្បី​របស់​ប្រទេស​ចិន​។​

​លោក វ៉ាង វិ​ន​ធៀន​បានឱ្យដឹង​ដូច្នេះ​ក្នុងពេល អញ្ជើញ​ចូលរួម​កម្មវិធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ ចំនួន​១​លាន​កម្រិត ជា​អំណោយ​របស់​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ​ចិន ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២​នេះ​។​

​គួរ​បញ្ជាក់ថា​៖​កាលពី​ថ្ងៃទី​២៧ ខែតុលា​កន្លងទៅនេះ កម្ពុជា​-​ចិន បាន​ប្រារព្ធ​ធ្វើ​ពិធី​សម្ពោធ​ការនាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន ដែលជា​ការបើកទ្វារ​ស​ម្រា​ប់​ការនាំចេញ កសិផល​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន​។​

​លោក វ៉ាង វិ​ន​ធៀន បាន​បន្តថា​ផ្លែ​មៀន​ស្រស់​របស់​កម្ពុជា បានបង្ហាញ​ខ្លួន នៅផ្ទះ​របស់​ប្រជាជន​ចិន​ជាច្រើន​ហើយ លោក​រំពឹងថា ពោត​របស់​កម្ពុជា ក៏​នឹង​នាំចូល​ទីផ្សារ​ចិន នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

មៀន​ប៉ៃលិន​កម្ពុជា បានចាប់ផ្តើម​សម្ពោធ​ដាក់លក់ នៅលើ​ទីផ្សារ​អន​ឡាញ​របស់ Alibaba Group កាលពី​ថ្ងៃ​ពី​១២ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាន់​ចូ​វ ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន ដែល​ទីក្រុង​នេះ គឺជា​កន្លែង​បោះ​ដុំ​ផ្លែឈើ​ដ៏​ធំ​មួយនៅក្នុង​ប្រទេស​ចិន ដោយសារ​មៀន​ប៉ៃ​លិន គោរព​តាម​បទដ្ឋាន​ភូតគាម​អនាម័យ មាន​ស្តង់ដារ​សុវត្ថិភាព ស្របពេល​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​

​តាមរយៈ​ទីផ្សារ​នេះ នឹង​ផ្តល់​ប្រយោជន៍​កាន់តែច្រើន​ដល់​កសិករ​ខ្មែរ ខណៈ​ក្រុមហ៊ុន Alibaba Group មាន​គម្រោង​នាំចូល​ផ្លែ​មៀន​ប៉ៃលិន​ពី​កម្ពុជា ក្នុង​មួយឆ្នាំ​ចំនួន​២​ម៉ឺន​តោន​។​

​សូមបញ្ជាក់ថា ចំការ​មៀន​ដែល​ទទួលបាន​ការអនុម័ត​ចុះបញ្ជី​ជា​ផ្លូវការ ឲ្យ​នាំចេញ​ផ្លែ​មៀន​ទៅកាន់​ទីផ្សារ​ចិន មាន​ចំនួន​៧៤ ក្នុងនោះ នៅ​ខេត្ត​ប៉ៃលិន មាន​ចំនួន​៤០​ចំការ បាត់ដំបង​ចំនួន​២៨​ចំការ និង​បន្ទាយមានជ័យ ចំនួន​៦​ចំការ​។​ដោយឡែក រោងចក្រ​វេច​ខ្ចប់​ចំនួន​៨ ដែលមាន​ទីតាំង នៅក្នុង​ខេត្តកណ្តាល​ចំនួន​១ ខេត្តបាត់ដំបង​ចំនួន​៣ ខេត្ត​ប៉ៃលិន​ចំនួន​២ និង​ខេត្ត​ព្រះសីហនុ​ចំនួន​២​។ រីឯ​ផ្ទៃដី​ដាំ​ដុះ​មៀន ទូទាំងប្រទេស​របស់​ក​ម្ពុ​ជា​វិញ មាន​ចំនួន ១៣ ៦០៨​ហិកតា ស្ថិតក្នុង​ខេត្ត​ចំនួន​៤​។​

​ផ្លែ​មៀន​ស្រស់ គឺជា​ផលិតផល​កសិផល​ទី​៣ របស់​កម្ពុជា ដែល​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ប្រទេស​ចិន​ជា​ផ្លូវការ នៅក្នុង​ឆ្នាំ​២០២២​នេះ បន្ទាប់ពី​ផ្លែស្វាយ និង​ចេក​៕ដោយៈសិរីមតី