សន្ដិសុខសង្គម

ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកត្រពាំងដាំឈូក

ភ្នំពេញ៖អ្នកដំណើរប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកត្រពាំងគេដាំឈូកមួយកន្លែងតាមផ្លូវបេតុង ភូមិស្នោខាងកើត សង្កាត់ស្នោ ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ។

នៅកន្លែងកើតហេតុ ស្រ្តីជាប្រពន្ធសពបានប្រាប់សមត្ថកិច្ចថា ប្ដីរបស់គាត់ឈ្មោះព្រុំ សុផន អាយុ ៥១ឆ្នាំ ជាកម្មករសំណង់​ ទីកំណើតនៅភូមិពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។មុនពេលស្លាប់ ប្ដីគាត់បានធ្វើការនៅឯសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ប៉ុន្តែមេជាងហៅឱ្យមកជួយរុះរើផ្ទះ​មួយកន្លែង​នៅជិតកន្លែងកើតហេតុទើបបាន២ថ្ងៃប៉ុណ្ណោះ។

ពេលនោះប្ដីរបស់គាត់មកតាមមេជាងរុះរើផ្ទះម្នាក់ឯង ហើយក៏ស្រាប់តែព្រឹកថ្ងៃទី២៨ ខែធ្នូនេះ ទើបទទួលដំណឹងអកុសលដោយមានគេទូរសព្ទប្រាប់ថា ប្ដីគាត់បានស្លាប់ក្នុងទឹកត្រពាំងគេដាំឈូក។ មុនកើតហេតុ អ្នកដំណើរបានប្រទះឃើញបុរសនោះស្លាប់ក្នុងទឹកត្រពាំងដាំឈូកក៏ស្រែកប្រាប់គេឯង​បង្កភ្ញាក់ផ្អើលឡើង។

បន្ទាប់មកនគរបាលប៉ុស្តិ៍និងនគរបាលខណ្ឌកំបូល បានចុះពិនិត្យនិងរាយការណ៍បន្តទៅនគរបាល​បច្ចេកទេស​វិទ្យាសាស្រ្តរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យ៕ដោយ៖វិចិត្រ