សន្ដិសុខសង្គម

បើកម៉ូតូជ្រុលបុកបង្គោលថ្មបណ្តាលឱ្យស្លាប់ម្នាក់ របួសម្នាក់

ស្ទឹងត្រែង៖គ្រោះថ្នាក់ចរាចរកើតឡើងដោយខ្លួនឯងបង្កពីក្មេងប្រុស២នាក់ជិះម៉ូតូឌុបគ្នាដល់ផ្លូវកោងជ្រុលបុកបង្គោលថ្មសុវត្ថិភាពបណ្ដាលឱ្យស្លាប់ម្នាក់ រងរបួសម្នាក់។ហេតុការណ៍នេះបានកើតឡើង​នៅត្រង់ផ្លូវចូលទីរួមស្រុកបុរីអូរស្វាយសែនជ័យ ចម្ងាយប្រមាណ៥០០ម៉ែត្រពីផ្លូវបំបែកផ្លូវជាតិលេខ៧ ក្នុងភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរឈ្មោះអាត សុរ៉ាត់ អាយុ ១៥ ឆ្នាំ រងរបួស ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅគ្មានផ្លាកលេខ។អ្នករួមដំណើរឈ្មោះញ៉ាន់ សាលីកា អាយុ២២ឆ្នាំ បានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពស្រុកបុរីអូរស្វាយសែនជ័យ។អ្នកទាំង២មានទីលំនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ករណីគ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយខ្លួនឯង ពួកគេបើកម៉ូតូពីកើតទៅលិច​បានបុកបង្គោលថ្មសុវត្ថិភាពខាងជើងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមនិងរងរបួសតែម្តង៕ដោយ:សុខុម