អន្តរជាតិ

នៅថ្ងៃសុក្រនេះតុលាការរបបយោធានឹងចេញសាលក្រមស្ថាពរកាត់ទោសលោកស្រីស៊ូជី

ប្រែសម្រួល៖សហការី

យោងតាមប្រភពអ្នកច្បាប់មួយបានប្រាប់ AFP ឲ្យដឹងថា តុលាការរបបយោធាមីយ៉ាន់ម៉ានឹងប្រកាសសាលក្រមក្រោមបទចោទចំនួនប្រាំករណីទៀតដែលនៅសេសល់នឹងត្រូវធ្វើនៅក្នុងថ្ងៃសុក្រនេះលើមេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi ដែលកំពុងជាប់ក្នុងពន្ធនាគាររយៈពេល ១៨ ខែ។

លោកស្រី ស៊ូជី បានត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារចាប់តាំងពីពួកយោធាបានផ្តួលរំលំរដ្ឋាភិបាលលោកស្រីកាលពីខែកុម្ភៈឆ្នាំមុន ហើយបានបញ្ចប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះក្នុងរយៈពេលមួយដ៏ខ្លី។

លោកស្រី ស៊ូជី ដែលជាម្ចាស់ជ័យលាភីណូបែលក្នុងអាយុ ៧៧ ឆ្នាំត្រូវបានគេរកឃើញថាមានពិរុទ្ធភាពលើការចោទប្រកាន់ចំនួន ១៤ករណី ដោយរាប់ចាប់ពីការប្រព្រឹត្តអំពើពុករលួយរហូតដល់ការនាំចូលដោយខុសច្បាប់នូវ walkie-talkies និងការរំលោភលើការរក្សាការសម្ងាត់របស់រដ្ឋគាត់ត្រូវបានកំណត់ឲ្យជាប់ពន្ធនាគាររយៈពេល ២៦ ឆ្នាំ។

ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់របបយោធាថាបានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងបើកការវាយប្រហារតាមអាកាសទៅលើជនស៊ីវិលស្លូតត្រង់ ដែលចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម។

ចំនួនជនស៊ីវិលដែលបានស្លាប់ហើយបានចេញផ្សាយដោយរបបយោធាលើកចុងក្រោយបំផុតមានចំនួនជាង៤.០០០នាក់៕

ប្រភព AFP