សន្ដិសុខសង្គម

ដាក់គុកខ្មែរម្នាក់ ចិន២នាក់ ពី៣ឆ្នាំដល់២៨ឆ្នាំរឿងគ្រឿងញៀនជិត២០០គីឡូនិងសាធាតុផ្សំជាង៣តោន

ភ្នំពេញ៖តុលាការភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែធ្នូនេះបានប្រកាសសាលក្រមផ្តន្ទាទោសខ្មែរម្នាក់ ចិន២នាក់ដាក់ពន្ធនាគារ៣ឆ្នាំដល់២៨ឆ្នាំ ករណីគ្រឿងញៀនទម្ងន់ជិត២០០គីឡូក្រាមនិង សារធាតុផ្សំជាង៣តោន។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ តែ ម៉េងហួត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ដាក់គុក៣ឆ្នាំ ពិន័យ៥លានរៀល។ឈ្មោះ QIANG LIANG អាយុ៥៦ឆ្នាំ ចិនតៃវ៉ាន់ ដាក់គុក២៥ឆ្នាំពិន័យ ១០០លានរៀល។ឈ្មោះហ្វុង ហាឡុក GONG HAYLOY អាយុ ២៩ឆ្នាំ ជនជាតិចិន ដាក់គុក២៨ឆ្នាំពិន័យ១០០លានរៀល។ជននេះជាប់ចោទពីបទរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមបញ្ជាក់ថា នាយកដ្ឋានកណ្តាលសន្តិសុខបានស្រាវជ្រាវចាប់ករណីជួញដូរគ្រឿងញៀន ឆ្លងដែនប្រុងនាំចេញទៅបរទេសចំនួន១៨៥គីឡូក្រាម ដោយសហការជាមួយអង្គភាពគយនៃ ប្រទេសចិន តាមរយៈអង្គការUNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ជនសង្ស័យខ្មែរម្នាក់និងគ្រឿងញៀន១៩៨ដុំ បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារិមក្នុងខណ្ឌជ្រោយចង្វា។ក្រោយមកចាប់ចិន២នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសវត្ថុតាងប្រភេទមេតំហ្វេតាមីនចំនួន៨,៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន២០,១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន។

មន្ត្រីដដែលបានបន្តថា ជំនាញពាក់ព័ន្ធបានបន្តឆែកឆេរទីតាំងលាក់ទុកនូវសារធាតុគីមីសម្រាប់ផលិត គ្រឿងញៀនក្នុងខណ្ឌកំបូល ដោយដកហូតបាននូវសារធាតុគីមីចំនួន១១មុខសរុបមានទម្ងន់ ៣.១៤៦គីឡូក្រាម និងឆែកឆេរទីតាំងរក្សាទុកម៉ាស៊ីនសម្រាប់ផលិតគ្រឿងញៀនក្នុងខណ្ឌដង្កោ រឹបអូសបានម៉ាស៊ីនអុកគ្រាប់គ្រឿងញៀន២គ្រឿងនិងពុម្ពគ្រាប់គ្រឿងញៀន១៤សម្រាប់៕ដោយ៖វិចិត្រ