សន្ដិសុខសង្គម

ជំនាញបារម្ភត្រីអណ្តែងងាប់ច្រើនក្នុងតំបន់អភិរក្សមិនទាន់ដឹងមូលហេតុ

បាត់ដំបង៖មន្ត្រីជំនាញព្រួយបារម្ភពីត្រីអណ្តែងអាយុ៤ទៅ៥ខែនៅក្នុងដែនអភិរក្សរាំងពេន ៣ត ក្នុងខេត្តបាត់ដំបង បានងាប់ច្រើនដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។

លោកហោ សំអាត អនុប្រធានសហគមន៍តំបន់អភិរក្ស រាំងពេន ៣ត ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែធ្នូថា ត្រីអណ្តែងនៅក្នុងដែនអភិរក្ស រាំងពេន ៣ត ដែលលាតសន្ធឹងរាប់សិបហិកតាបានងាប់យ៉ាងច្រើនបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី១៥ ខែធ្នូមកម៉្លេះ។

អនុប្រធានសហគមន៍បានបន្តថា ចុងក្រោយនេះរូបលោក រួមជាមួយទាំងមន្ត្រីសហគមន៍មួយ​ចំនួនបានចុះពិនិត្យបន្តជាប់ៗគ្នាហើយបានបញ្ជាក់ថា បញ្ហាដែលត្រីងាប់នេះជាប្រភេទត្រីអណ្តែងសុទ្ធ ដោយមិនមានការយាយីដូចជាករណីលួចឆក់នៅពេលថ្ងៃ ឬពេលយប់និងត្រូវថ្នាំពុលអ្វីទេ ហើយក៏មិនមែនដោយសារពុលទឹកនោះដែរ។

លោកបន្តថា ពូជត្រីអណ្តែងដែលងាប់នៅក្នុងតំបន់អភិរក្សគួរឱ្យព្រួយបារម្ភនេះ​មានអាយុ​ប្រមាណជា៤-៥ខែ និងមួយក្បាលៗមានទម្ងន់ពី២-៣ក្រាម។នេះជាករណីលើកទី២ហើយ ខណ:នៅឆ្នាំ២០១៨ មានត្រីងាប់យ៉ាងច្រើនដូចគ្នាដែរ។ប៉ុន្តែជាពូជត្រីផ្ទក់និងត្រីរ៉ស់៕ដោយ: ព្រះអង្គខ្មៅ