សេដ្ឋកិច្ច

ឆ្នាំ​២០២២ ក្រសួង​ដែនដី​ប្រមូល​ចំណូល​ពី​វិស័យ​ដីធ្លី និង​សំណង់​បាន​ជិត​៩០​លាន​ដុល្លារ

ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២២​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រមូល​ចំណូល​បាន​ចំនួន ៣៦៧ ១៣៩ ៨៩៦ ០៥០ រៀល ប្រមាណ​ជិត​៩០​លាន​ដុល្លារ ពី​វិស័យ​ដីធ្លី និង​សំណង់ រួមទាំង​សេវា​ផ្សេងៗ ដើម្បី​ដាក់ចូល​ជា​ថវិកាជាតិ​។​នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​។​

​ទោះជា​យ៉ាងនេះ​ក្តី ការប្រមូល​ចំណូល​ពី​វិស័យ​ដីធ្លី និង​សំណង់ ក្នុង​ឆ្នាំ​២០២២​នេះ មានការ​ថយចុះ​ប្រមាណ ២២.២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២១​។

​សូមបញ្ជាក់ថា​៖​ក្នុងចំណោម​ចំណូល​ទាំងនោះ រួមមាន​ចំណូល​របស់​រដ្ឋបាលកណ្តាល​ចំនួន ៨ ៣៦៨ ០៩១ ៦៤០​រៀល ក្នុងនោះ​មាន សេវា​សំណង់​ទូទៅ​ចំនួន ៧ ១៨០ ៣១០ ៤០០​រៀល​, សេវា​សំណង់​លើស​ស​ន្ទ​ស្សន៍ ១ ១៦៦ ០០០ ០០០​រៀល​,​សេវា​ព័ត៌មាន​សុរិយោដី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ចំនួន ១០ ៤៩៩ ២០០​រៀល និង​ចំណូល​ជួល​អចលនវត្ថុ​ចំនួន ១១ ២៨២ ០៤៤​រៀល​។​

​ចំណូល​របស់​មន្ទីរ​រៀបចំ​ដែនដី តាម​បណ្តា​រាជធានី​ខេត្ត​ចំនួន ៣៥៨ ៧៧១ ៨០៤ ៤១០​រៀល ក្នុងនោះ​មាន​៖ សេវា​សុរិយោដី ចំនួន ៧១ ៨២៨ ៣៦០ ១១០ រៀល​, សេវា​សំណង់​ទូទៅ ចំនួន ៤៦ ៤៤២ ៨៦៥ ១០០​រៀល និង ពន្ធ​ប្រថាប់ត្រា​ចំនួន២៤១ ០០០ ៥៧៩ ២០០​រៀល​៕

ដោយៈ​សិរីមតី