សន្ដិសុខសង្គម

ចាប់ចិននិងខ្មែរ១០នាក់,រថយន្ត៣គ្រឿង, កាំភ្លើង២ដើមរឿងចាប់ជំរិត

ព្រះសីហនុ៖នគរបាលខេត្តនិងក្រុងព្រះសីហនុ សហការចាប់ជនសង្ស័យចិននិងខ្មែរជាបន្តបបន្ទាប់ចំនួន ១០នាក់- រថយន្ត៣គ្រឿងនិងកាំភ្លើង២ដើម ករណីចាប់ជំរិតទារលុយ។

កម្លាំងក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ស្ត្រីខ្មែរម្នាក់បានមកប្តឹងនៅ នគរបាលខេត្តព្រះសីហនុថា “កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ មានជនមិនស្គាល់មុខបានទូរសព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួនជាជនជាតិចិនត្រូវបានពួកគេចាប់ហើយ។ក្រុមជនសង្ស័យបានជំរិតទារលុយចំនួន៣.៥០០ដុល្លារទើបដោះលែងវិញ”។

បន្ទាប់ទទួលបណ្តឹងភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ ជំនាញចុះស្រាវជ្រាវរហូតដល់យប់ថ្ងៃដដែលបានឃាត់រថយន្ត១គ្រឿងម៉ាក ALPHARD ផ្លាកលេខភ្នំពេញ 2BQ-6423 នៅផ្លូវល្បឿនលឿនជាមួយជនសង្ស័យ៣នាក់ជា ខ្មែររំដោះបានជនរងគ្រោះជាតិចិនម្នាក់។ក្រោយមកក៏បន្តចាប់បក្ខពួកជនជាតិចិន៣នាក់ទៀត នៅក្នុងក្រុងព្រះសីហនុ។លុះល្ងាចថ្ងៃទី២៧ ខែធ្នូ នៅក្នុងសង្កាត់លេខ៣ ចាប់បក្ខពួកជាតិខ្មែរ៤នាក់ទៀត។

សមត្ថកិច្ចបានចាប់ជនសង្ស័យសរុបចំនួន១០នាក់ ខ្មែរ៧នាក់និងចិន៣នាក់។ក្នុងនោះដកហូតវត្ថុតាង-រថយន្ត៣គ្រឿង-កាំបិតស្នៀត២ដើម-ពិលឆក់៤ដើម-ទូរសព្ទ២១គ្រឿង-កាតរឹង៧សន្លឹក-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ១កញ្ចប់-ឧបករណ៍ប្រើគ្រឿងញៀន១ឈុត -ផ្លាកលេខរថយន្ត១ផ្ទាំង ភ្នំពេញ2AZ-8952 និងកាបូបលុយ១។

ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌសាកសួរតាមនីតិវិធីហើយកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕ដោយ៖វិចិត្រ