សន្ដិសុខសង្គម

ក្រុមចោរឆក់កាបូបបណ្ដាលឱ្យក្មេងស្រីដួលម៉ូតូអូសចើ្រនម៉ែត្ររងរបួសធ្ងន់

ភ្នំពេញ​៖ក្រុមចោរ២នាក់បានជិះម៉ូតូមួយគ្រឿងឆក់យកកាបូបដាក់លុយនិងទូរសព្ទពីក្មេងស្រីម្នាក់​បានសម្រេច បណ្ដាលឱ្យម៉ូតូជនរងគ្រោះដួលរួចអូសជាច្រើនម៉ែត្ររងរបួសធ្ងន់។ហេតុការណ៍នេះ​បានកើតឡើងនៅខាងត្បូងវត្តសំរោងអណ្ដែត តាមផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ជិះម៉ូតូម៉ាកzoomer- x ផ្លាកលេខភ្នំពេញ1FY-5904។

​មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងពីត្បូងទៅជើង។មកដល់កន្លែងខាងលើក៏ មានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាហុងដាឌ្រីមមកពីក្រោយរួចឆក់យកកាបូកដាក់លុយនិងទូរសព្ទបានសម្រេច ធ្វើឱ្យជនរងគ្រោះដួលរងរបួសធ្ងន់។

ចំណែកជនសង្ស័យបានជិះម៉ូតូយកទាំងកាបូបមានលុយជិត៣០០ដុល្លារនិងទូរសព្ទម៉ាកអាយហ្វូន១៣ Pro មួយគ្រឿងរួចគេចខ្លួនបាត់។

ក្រោយកើតហេតុ​មានជនបរទេស២នាក់ជិះរថយន្តមកដល់កន្លែងកើតហេតុទំនងជាថៅកែរបស់​ជនរងគ្រោះក៏បាននាំគ្នាលើកក្មេងស្រីនោះដាក់ក្នុងរថយន្តរបស់ខ្លួនដឹកទៅមន្ទីរពេទ្យ៕ដោយ៖វិចិត្រ