សន្ដិសុខសង្គម

កម្លាំងជំនាញបរិស្ថានបង្រ្កាបឈើហុប៦ដើមនៅស្រុកកែវសីមា

មណ្ឌលគិរី៖មន្រ្តីជំនាញព្រៃឈើនិងបរិស្ថាន បានចុះបង្រ្កាបឈើហុបចំនួន៦ដើម នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី គេសង្ស័យដឹកចេញទៅប្រទេសវៀតណាម។

សមត្ថកិច្ចបានឱ្យដឹងថា ឈើសសរមុខកាត់ធំៗប្រភេទសុក្រមចំនួន៦ដើមត្រូវបានបង្ក្រាប​កាលពីថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២២។ករណីបង្ក្រាបខាងលើដោយមន្ត្រីបរិស្ថានប្រចាំការនៅស្នាក់ការ​ចំបក់-ស្នាក់ការរហ៊ូត និងស្នាក់ការកណ្ដាលសីមា។

កម្លាំងជំនាញបានប្រមូលឈើដែលអញ្ញាតជនយកមកទម្លាក់ចោល ជាឈើមូលលេខ១ប្រភេទសុក្រំ អារ៨ជ្រុងចំនួន៦ដើមនៅត្រង់ផ្លូវមាននិយាមកាលេខ-675074 -1384227 ស្ថិត ក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។បច្ចុប្បន្នវត្ថុតាងបានយកទៅរក្សាទុកនៅស្នាក់ការរងចំបក់។

ប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកសកម្មភាពដឹកជញ្ជូនឈើមុខកាត់ធំៗបែបនេះ គេកាប់និងដឹកជញ្ជូនចេញពីព្រៃដែនជម្រកសត្វព្រៃស្រុកកែវសីមា-ដែនជម្រកសត្វព្រៃភ្នំព្រេចរយៈពេលជិតមួយសប្តាហ៍កន្លងមកហើយ។ឈ្មួញបានដឹកជញ្ជូនតាមមុខស្នាក់ការមន្ត្រីជំនាញជាច្រើនស្ថាប័ន ទំនងមិនមានការបង្ក្រាបទេទើបឈើសសរធំៗទាំងនេះនាំចេញទៅក្រៅតាមច្រកព្រំដែនកម្ពុជា- វៀតណាមក្នុងស្រុកស្នួល ខេត្តក្រចេះបានយ៉ាងងាយស្រួល៕ដោយ៖វិចិត្រ