កីឡា

Maguire របស់ Man United នៅ​ផ្លូវ​នៃការ​វិល​មកវិញ ក្នុង​ហ្គេម​ទល់នឹង Forest

ខ្សែការពារកណ្តាល Harry Maguire របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានរំពឹងថា នឹងត្រឡប់មកជួយក្រុមវិញ សម្រាប់ការប្រកួត នៅក្របខ័ណ្ឌ Premier League នាថ្ងៃអង្គារ (ថ្ងៃទី២៧ ខែធ្នូ) នៅផ្ទះរបស់ខ្លួនទល់នឹងក្រុម Nottingham Forest បន្ទាប់ពីខកខានការប្រកួតចុងក្រោយ ដោយសារមានជំងឺ។

កីឡាករអន្តរជាតិអង់គ្លេស Maguire មិន​មាន​វត្តមាន​នោះទេ ក្នុង​ជ័យជម្នះ ២-០ របស់ក្រុម Man  United លើក្រុម Burnley កាលពីសប្តាហ៍មុន ដែលជា​លទ្ធផល​ជួយឱ្យ​ដណ្ដើម​បាន​កៅអីមួយ ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃ​​កម្មវិធី League Cup។

អ្នកចាត់ការរបស់​ក្រុម លោក Erik ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លិបថា៖ «យើងមានបញ្ហា​មួយចំនួនជាមួយនឹងជំងឺ ដូចជាកីឡាករ Harry Maguire ជាដើម ប៉ុន្តែរូប​គេ​បានត្រឡប់មកកាន់​ទីលានហ្វឹកហាត់វិញហើយ (កាលពីថ្ងៃសុក្រ) ដូច្នេះ ខ្ញុំសប្បាយចិត្តជាមួយនឹង​រឿង​នោះ»។

ចំណែក​ឯ​ខ្សែការពារសញ្ជាតិអាហ្សង់ទីន Lisandro Martinez និង Raphael Varane របស់ក្រុម​ជម្រើស​ជាតិបារាំង មិន​ឈ្មោះ​ទេ ព្រោះពួកគេមិនទាន់បាន​ត្រឡប់មកវិញនោះឡើយ បន្ទាប់ពីលេង​ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ​ឯ​ព្រឹត្តិការណ៍ World Cup ហើយ​លោក Ten Hag បាននិយាយថា កីឡាកររបស់​ក្រុម Man United ផ្សេង​ទៀត ដែលបាន​ទៅ​ចូល​រួម​​លេងនៅប្រទេស​កាតា កំពុង​ស្ថិតក្នុង​ការ​មាន​កម្លាំង​ចិត្ត​ល្អ​។

គ្រូបង្វឹក​សញ្ជាតិហូឡង់ បាននិយាយ​​ថា៖ «(ពួកគេមាន) ចំណាប់អារម្មណ៍យ៉ាង​ខ្លាំង នៅទីនោះ (ប្រទេសកាតា) ប៉ុន្តែឥឡូវនេះពួកគេត្រឡប់មកវិញហើយ ហើយយើង​ទទួលបាន​អារម្មណ៍នូវ​ការ​មានថាមពលរបស់ពួកគេ។ ពួកគេកំពុងទន្ទឹងរង់ចាំការចាប់ផ្តើមឡើងវិញ (នៃ Premier League)»។

«កីឡាករ Rapha Varane និង Licha Martinez ពួកគេមិនទាន់​មាន​វត្តមាន​ទេ ប៉ុន្តែយើងសង្ឃឹមថា ពួក​គេ​នឹងត្រឡប់មក (ឆាប់ៗនេះ)»។ លោក Ten Hag បានបញ្ជាក់​បន្ថែម។

ក្រុម Man United កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៥ ក្នុងតារាងពិន្ទុរបស់​ក្របខ័ណ្ឌ Premier League ដោយ​មាន ២៦ពិន្ទុ បន្ទាប់ពីឆ្លង​កាត់​ការ​ប្រកួត ១៤លើក ហើយ​មាន​គម្លាត ៤ពិន្ទុពីក្រោយក្រុមលេខ ៤ Tottenham Hotspur ដែលលេងច្រើន​ជាង ២ហ្គេម៕