កីឡា

Liverpool ឈាន​ដល់​កិច្ចព្រម​ព្រៀង ក្នុង​ការ​ផ្ទេរ​យក Gakpo ​

ក្រុមហង្សក្រហម Liverpool ទំនង​ជាឈ្នះការប្រជែង ដើម្បីចុះហត្ថលេខាផ្ទេរយក​​ខ្សែប្រយុទ្ធអន្តរជាតិ​ហូឡង់ Cody Gakpo បន្ទាប់ពីក្លិប PSV Eindhoven បានប្រកាសពី​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយក្លិប​យក្សអង់គ្លេស កាលពីថ្ងៃចន្ទ។

កីឡាករ Gakpo ដែលស៊ុតបញ្ចូលទីបាន ៣គ្រាប់ នៅឯព្រឹត្តិការណ៍ World Cup ឱ្យក្រុម​ពណ៌ទឹកក្រូចហូឡង់ នៅ​មុននេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់​ទៅក្លិប​គូប្រជែងរបស់ក្រុម Liverpool គឺក្រុម​បិសាច​ក្រហម Manchester United។

ក្លិប PSV បានឱ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប PSV និងក្លិប Liverpool FC បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការផ្ទេរដែលបានស្នើមក ចំពោះ​កីឡាករ Cody Gakpo។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ នឹងចាកចេញទៅប្រទេសអង់គ្លេស ក្នុងពេលឆាប់ៗនេះ ជាកន្លែងដែលរូប​គេនឹងត្រូវបំពេញ​បែបបទចាំបាច់គ្រប់​យ៉ាង មុននឹងបញ្ចប់ការផ្ទេរ»។

អ្នកចាត់ការរបស់ក្រុម​ PSV លោក Marcel Brands បាននិយាយថា តម្លៃផ្ទេរនឹងក្លាយជាកំណត់ត្រាក្នុង​ក្លិប សម្រាប់ក្លិបរបស់​ប្រទេសហូឡង់មួយ​នេះ ដោយ​​យោងតាមសេចក្ដី​រាយការណ៍ តម្លៃនេះអាចកើនឡើងដល់ ៥០លានអឺរ៉ូ (៥៣លានដុល្លារ)។

ក្រុម Liverpool សង្ឃឹម​ថា ​ការមកដល់របស់កីឡាករ Gakpo នឹង​ជាការស្តារឡើងវិញបន្ថែមទៀត សម្រាបតំបន់​ប្រយុទ្ធ​របស់ក្រុម បន្ទាប់ពីការចុះហត្ថលេខាយក​កីឡាករ Luis Diaz និង Darwin Nunez កាលពីឆ្នាំមុន។

ក្រុមហង្សក្រហមឈរនៅលេខរៀងទី៦ ក្នុងតារាងពិន្ទុនៃ​ក្របខ័ណ្ឌ Premier League ដោយមានគម្លាត ៥ពិន្ទុ នៅក្រៅចំណោមក្រុមទី​កំពូលទាំង ៤ ដែលជា​ចំណាត់​ថ្នាក់​ជួយ​ធានានូវសិទ្ធ ក្នុង​ការ​បាន​ទៅចូលរួម​ក្របខ័ណ្ឌ Champions League បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិន​បាន​ល្អគ្រប់គ្រាន់​។

ប៉ុន្តែក្រុមរបស់លោក Jurgen Klopp ទទួលបានជ័យជម្នះជាលើកទី៣ ជាប់ៗគ្នា ដោយការយកឈ្នះ ៣-១ លើក្រុមម្ចាស់​ផ្ទះ Aston Villa នៅ​ថ្ងៃ​វិលត្រឡប់នៃការប្រកួតប្រជែង​របស់​ក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ បន្ទាប់ពីការឈប់​សម្រាក សម្រាប់​ព្រឹត្តិការណ៍ World Cup៕