កីឡា

Arsenal បន្លាយ​ពិន្ទុ​នាំមុខ ខណៈ Newcastle ឡើង​លេខ២ នៅ​ថ្ងៃវិលមកវិញរបស់​ Premier League

ក្រុម​កាំភ្លើង​ធំ Arsenal បានបន្លាយ​ការនាំមុខរហូត​ដល់​ ៧ពិន្ទុជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម West Ham ខណៈដែលក្របខ័ណ្ឌ Premier League បានត្រឡប់មកវិញ កាលពីថ្ងៃចន្ទ ហើយ​ក្រុម Newcastle បានរំកិល​ឡើងមកលេខ ២ ក្រោយ​ដណ្ដើម​ជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ ៣-០ នៅឯ​ទឹកដី​របស់​ក្រុម Leicester។

ជាមួយ​គ្នា​នេះ​ សម្រាប់ការ​ប្រកួត នៅ​ថ្ងៃវិល​ត្រឡប់​ពីការឈប់​សម្រាក សម្រាប់​ព្រឹត្តិការណ៍ World Cup នេះ ក្រុម​ហង្សក្រហម Liverpool ក៏រក​បាន ៣ពិន្ទុដែរ​ ដោយបាន​យកឈ្នះក្រុម Aston Villa ៣-១ ហើយខ្សែប្រយុទ្ធ Harry Kane ធ្វើ​បាន​យ៉ាង​ប្រសើរ ក្រោយ​សោកសៅខូចចិត្ត នៅ​ប្រទេសកាតា ដោយការស៊ុតបញ្ចូលទីបាន ១គ្រាប់ ក្នុងលទ្ធផលស្មើ ២-២ របស់ Tottenham Hotspur នៅឯផ្ទះ​របស់ក្រុម Brentford។

សន្ទុះរបស់ក្រុម Arsenal ក្នុង​ការ​ឆ្ពោះទៅរកការឈ្នះជើងឯកលីគជា​លើក​ដំបូង គិត​ចាប់តាំងពីឆ្នាំ២០០៤ អាចត្រូវបានរំខានដោយការឈប់​សម្រាកពាក់កណ្តាលរដូវកាល​រយៈពេល ៦​សប្តាហ៍ ប៉ុន្តែ​ក្រុម​របស់​លោក Mikel Arteta បាន​ឆ្លង​ផុតដំណាក់​កាល​​​សាកល្បង​មួយ​ទៀត​នៃ​ការ​តាំង​ចិត្ត​របស់​ពួក​គេ ​បន្ទាប់​ពី​តប​ត​បាន​យ៉ាង​ល្អនឹង​ការ​នាំ​មុខ ១-០ ក្នុង​វគ្គ​ទី​១ ដោយសារ​ការ​ទាត់​បាល់​​ពិន័យ ១១ម៉ែត្រ​ពី​កីឡាករ Said Benrahma របស់​ក្រុម​ភ្ញៀវ West Ham។

២​គ្រាប់ ក្នុងរយៈពេល ៥នាទីពីខ្សែបម្រើ Bukayo Saka និង Gabriel Martinelli បានកែប្រែ​ហ្គេម នៅ​ទឹកដី Emirates មុនពេលខ្សែប្រយុទ្ធ Eddie Nketiah ធ្វើ​បាន​យ៉ាង​ប្រសើរ នៅថ្ងៃ​អវត្តមាននៃកីឡាករ Gabriel Jesus ដែល​មានរបួស ដោយ​ការ​ទម្លុះសំណាញ់​ទី ដើម្បី​ធានាជ័យជម្នះឱ្យ​ក្រុម​ម្ចាស់​ផ្ទះ។

លោក Arteta បាន​និយាយក្រោយ​ចប់​ការ​ប្រកួត​ថា​៖ «​ខ្ញុំ​រីករាយ​នឹង​លទ្ធផល ​និង​ទ្រង់​លេង​របស់​ក្រុម​។ យើងបានស៊ុតបញ្ចូលទី ក្នុង​ពេលវេលាយ៉ាង​ល្អឥតខ្ចោះ ហើយក្រុម​អ្នក​គាំទ្រ គឺពិសេស​អស្ចារ្យ សូម្បី​ក្នុង​ពេលដែល​យើង​ត្រូវ​គេ​នាំ​មុខ។ ពួកគេនៅតែបន្ត​មាន​ជំនឿ​ចិត្ត​។ នៅពេលដែលយើងស៊ុតបញ្ចូលទីបាន សំឡេង​លើក​ទឹក​ចិត្ត​បានលាន់ឮ​កង​រំពង​យ៉ាង​ខ្លាំង ហើយយើងបាន​បង្កើនសន្ទុះ ដែលយើងត្រូវការ»។

ដូច្នេះ ក្រុម​កាំភ្លើង​ធំ ក្រោយ​បញ្ចប់ការ​ប្រកួត​សប្ដាហ៍​ទី ១៥ របស់​ខ្លួន នៅ​បន្ត​ឈរ​ទី​កំពូល​តារាងនៃ​ក្របខ័ណ្ឌ Premier League ដោយ​មាន ៤០ពិន្ទុ ក្រុម Newcastle ក្រោយ ១៦សប្ដាហ៍ មាន​ ៣៣ពិន្ទុ នៅ​លេខ ២ ខណៈ​ក្រុម​ជើងឯក​ចាស់ Manchester City នៅ​លេខ ៣ មាន ៣២ តែលេង​ទើប​បាន ១៤សប្ដាហ៍ ហើយ​ក្រុម​លេខ ៤ Tottenham មាន​ ៣០ពិន្ទុ តែ​ប្រកួតលើស ២ដង លើ​ក្រុម​លេខ ៥ Manchester United ដែល​មាន ២៦​ពិន្ទុ និង​ដែល​ត្រូវ​ធ្វើម្ចាស់ផ្ទះទទួល​​ក្រុម Nottingham Forest នាថ្ងៃអង្គារនេះ៕