សេដ្ឋកិច្ច

១១​ខែ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ជាង​៣៧​លាន​ដុល្លារ

​ភ្នំពេញ​៖​កំពង់ផែ​ស្វយ័ត​ភ្នំពេញរកចំណូលបាន​ចំនួន ៣៧ ០៤៩ ២៧៨​ ដុល្លារ ក្នុងរយៈពេល​១១​ខែ​នេះ​។ចំនួន​នេះ​កើនឡើង​២២​ភាគរយបើ​ធៀប​រយៈពេល​ដូចគ្នាឆ្នាំ​២០២១ដែលមាន​ចំនួន៣០ ៣៩០ ១៧២​ដុល្លារ​។នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេ ញ នៅ​ថ្ងៃទី​២៦ ធ្នូ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បានឱ្យដឹងថា​៖ ចំណូល​ដែល​កំពង់ផែ​ស្វយ័ត​ទទួលបាន​នេះ មកពី​ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន ២៩ ១៧១ ២៨២​ដុល្លារ​។ ចំណូល​បាន​ពី​អាជ្ញាធរ​ផែ ចំនួន ៣ ៧៨១ ៧៧២ ដុល្លារ​។ ចំណូល​បាន​ពី​សេវាកម្ម ចំនួន ២៧២ ៦៣២​ដុល្លារ និង​ចំណូល​ផ្សេងៗ មាន​ចំនួន ៣ ៨២៣ ៥៩២​ដុល្លារ​។​

​ចំពោះ​ការងារ​អាជីវកម្ម និង​សេវាកម្ម ដែល​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​អនុវត្ត រយៈពេល​១១​ខែ​នេះ រួមមាន ទំនិញ​-​ប្រេងឥន្ធនៈ ចំនួន ៣ ៦៤៦ ០២៩​តោន កើនឡើង​៣.៥៨​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២១ ចំនួន ៣ ៥១៩ ៨៤៤​តោន​។​

​ជាមួយគ្នានេះ មាន​នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​ចំនួន​៣,២៧១​ជើង​កើនឡើង​៥៤.៧៣​ភាគរយ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​មុ​មាន​ចំនួន​២,១១៤​ជើង​។ ដោយឡែក​បរិមាណ​កុងតឺន័រ ចំនួន ៣៨៣ ២៦១​ធី​អ៊ី​យូ កើនឡើង​២១.៤០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៅ​ឆ្នាំមុន​ចំនួន​៣១៥៦៩២​ធី​អ៊ី​យូ​។​ក្រៅពីនេះ មាន​នាវា​ទេសចរណ៍ ចំនួន​៧៨​ជើង កើនឡើង​៧៨.០០​ភាគរយ និង​បរិមាណ​អ្នកដំណើរ មាន​ចំនួន​៥,០៧៥​នាក់ កើនឡើង​៥,០៧៥.០០​ភាគរយ​។​

​កាលពី​ឆ្នាំ​២០២១ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកបាន​ប្រាក់ចំណេញ​ជាង ១២ លាន​ដុល្លារ ដែល​លើស​ផែនការ​ឆ្នាំ​២០២១ ចំនួន​១៥​ភាគរយ និង​កើនឡើង​ចំនួន​២៩​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០៕​ដោយៈសិរីមតី