អន្តរជាតិ

អ្នកនយោបាយរុស្ស៊ីម្នាក់ទៀតហើយបានស្លាប់ធ្លាក់ពីលើសណ្ឋាគារយ៉ាងអាថ៌កំបាំង

អ្នកនយោបាយរុស្ស៊ីធ្លាប់រិះគន់សង្រ្គាមនៅអ៊ុយក្រែនម្នាក់ទៀតហើយត្រូវបានគេរាយការណ៍ថាបានធ្លាក់ស្លាប់ចេញតាមបង្អួចសណ្ឋាគារនៅប្រទេសឥណ្ឌាយ៉ាងអាថ៌កំបាំងនៅសប្តាហ៍នេះ។

បើតាមការបញ្ជាក់ជាផ្លូវការដោយអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Kolkata ប្រទេសឥណ្ឌា លោក Alexei Idamkin បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS បានឲ្យដឹងថា ជនជាតិរុស្ស៊ីដែលបានស្លាប់គឺមានឈ្មោះ Pavel Antov ជាសមាជិកនៃគណបក្សរួបរួមរុស្ស៊ី អាយុ ៦៦ឆ្នាំ ជាមហាសេដ្ឋីសាច់ក្រករបស់ រុស្ស៊ីពិតប្រាកដមែន។ Antov បានបាត់បង់ជីវិត បន្ទាប់ពីបានធ្លាក់តាមបង្អួចសណ្ឋាគារដ៏ទំនើបមួយ ក្នុងតំបន់ Rayagada រដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។

ព័ត៌មានលម្អិតបន្ថែមមិនទាន់ដឹងច្បាស់លាស់នោះទេ ខណៈអ្នកការទូតរុស្ស៊ីបាននិយាយថា “យើងកំពុងតាមដានយ៉ាងដិតដល់នូវការស៊ើបអង្កេត និងធ្វើការជាមួយប៉ូលិស Odisha” ។

ជុំវិញការស្លាប់នេះ មតិជាច្រើនបានកត់សម្គាល់ និងភ្ជាប់ការសន្និដ្ឋានក្រៅផ្លូវការទៅនឹងហេតុផល នយោបាយ ព្រោះកាលពីខែមិថុនា លោក Antov បានរិះគន់សង្គ្រាម និងការវាយប្រហារតាម អាកាសរបស់រុស្ស៊ីលើទីក្រុង Kyiv ថាជាអំពើ “ភេរវកម្ម” ធ្វើឲ្យជនស៊ីវិលអ៊ុយក្រែនរងរបួស។ Antov គឺជាសមាជិកសភានៅក្នុងសភានីតិបញ្ញត្តិនៃតំបន់វ្ល៉ាឌីមៀ ត្រូវបានចុះបញ្ជីថាជាមន្ត្រីជាប់ឆ្នោតដែលរកចំណូលបានខ្ពស់បំផុតរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៩។ លោកបានស្លាប់ក្រោយគ្នាពីរថ្ងៃ បន្ទាប់ពីមិត្តភក្តិរបស់លោកបានស្លាប់នៅថ្ងៃព្រហស្បតិ៍ ដោយសារគាំងបេះដូង៕

ប្រភព៖ Daily Mail

ប្រភពរូប៖Daily Mail
ប្រែសម្រួល៖សុខ តុលា