អន្តរជាតិ

អ៊ុយក្រែនថា ប្រព័ន្ធមីស៊ីល Patriot នឹងត្រូវបានដាក់ពង្រាយមិនដល់៦ខែទៀតទេ

អ៊ុយក្រែននិយាយថា អាម៉េរិកកំពុងពន្លឿននីតិវិធីដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot   ខណៈមិនយូរ​ទៀតទេ មិនដល់៦ខែទេ វានឹងមកដល់ខ្សែប្រយុទ្ធអ៊ុយក្រែន។

យោងតាម​រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Kuleba ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ​សារព័ត៌មាន AP កាលពីថ្ងៃអាទិត្យថ្មីៗនេះថា រដ្ឋាភិបាល​អាម៉េរិក​បច្ចុប្បន្នបានកំពុង​រៀបចំ​ផែនការ​ពិសេស​មួយ ​ដើម្បីពន្លឿនការបញ្ជូនប្រព័ន្ធម៉ាស៊ីលបាញ់មីស៊ីលដ៏មានសក្តានុពល Patriot ​សម្រាប់​ប្រតិបត្តិការ​ក្នុង​ប្រទេសអ៊ុយក្រែន ដើម្បីកុំឲ្យយូរលើសពី៦ខែ ខណៈជាធម្មតាការបណ្តុះបណ្តាលទូទៅ​ចំពោះ​ប្រព័ន្ធនេះត្រូវចំណាយពេលរហូតដល់មួយឆ្នាំឯណោះ។

Kuleba ក៏បាននិយាយផងដែរថា លោកពិតជា “ពេញចិត្ត” ចំពោះលទ្ធផលនៃដំណើរ​ទស្សនកិច្ចរបស់​ប្រធានាធិបតី Volodymyr Zelenskyy ទៅកាន់សហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុនខ្លាំងណាស់។ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក Joe Biden ក្នុងការផ្ទេរប្រព័ន្ធការពារដែនអាកាស Patriot មកអ៊ុយក្រែន គឺជាគំរូមួយ ដែលបង្ហាញពីការបើកទ្វារសម្រាប់ការផ្លាស់ប្តូរទៅកាន់សម្ព័ន្ធមិត្ត​ផ្សេងទៀត៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖ Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា