សន្ដិសុខសង្គម

អគ្គិភ័យឆេះ​បន្ទប់ផ្ទះ​​ជួលចំនួន៨បន្ទប់​ជាមួយសម្ភារប្រើប្រាស់ជាច្រើន

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះបន្ទប់ផ្ទះជួលប្រមាណ៨បន្ទប់ សម្ភារប្រើប្រាស់ជាច្រើនយ៉ាងសន្ធោសន្ធៅ​នៅម្តុំ​មុខ​ស្ថា​នី​យ​ទូរទស្សន៍​ស៊ី​ធី​អ៊ិ​នគីឡូម៉ែត្រលេខ៦។គ្រោះអគ្គិភ័យបង្ក​ការ​ភ្ញាក់ផ្អើលស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពី​ល្ងាចថ្ងៃ​ទី​២៦ ខែធ្នូ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ទីតាំងនោះធ្វើអំពីឈើប្រក់ស័ង្កសី ភាគច្រើនជាកម្មករ កម្មការិនីកាត់ដេរបានជួលស្នាក់នៅ។មុនកើតហេតុពួកគាត់បានបិទទ្វារបន្ទប់ចេញទៅធ្វើការបាត់អស់។

ក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់ជួលមួយ បណ្តាលឱ្យរាលដាលដល់បន្ទប់​៧​ទៀត សរុបចំនួន៨បន្ទប់រង​ការ​ខូចខាត​ទាំងស្រុងនិងសម្ភារប្រើប្រាស់ជាច្រើន​។ក្នុង​ហេតុការណ៍​នេះសមត្ថកិច្ចបានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿងជួយ​អន្តរាគមន៍ តែ​ស្ថានភាព​ផ្លូវតូចចង្អៀត ​រថយន្ត​មិន​អាច​ចូល​ដល់។

មន្ត្រីដដែលបានបន្តថា ចំពោះ​មូលហេតុ​ដែល​កើត​មាន​អគ្គិភ័យ​នេះគឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕ដោយ៖វិចិត្រ