សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូដួលត្រូវរថយន្តកិនបែកក្បាលស្លាប់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូចេញពីកិបផ្លាកលេខត្រឡប់ទៅផ្ទះវិញស្រាប់តែដួលខ្លួនឯង ត្រូវរថយន្តបើកមកពីមុខកិនចំក្បាលបណ្តាលឱ្យបែកស្លាប់មួយរំពេច។គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើងនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៧យប់ ថ្ងៃទី២៦ ខែធ្នូ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ប៉ែន លីណា ហៅពៅ អាយុជាង៣០ឆ្នាំជាអ្នកលក់មាន់ទីកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធនិងកូនចំនួន៤នាក់។

ប្រពន្ធបានប្រាប់ថា មុនកើតហេតុ ប្តីគាត់ជិះម៉ូតូឌ្រីមទើបទិញបាន១អាទិត្យទៅកិបផ្លាកលេខ។លុះពេលត្រឡប់មកផ្ទះវិញដល់ពាក់កណ្តាលផ្លូវស្រាប់តែគេប្រាប់ថាប្តីគាត់បានដួលម៉ូតូខ្លួនឯង​។ពេលនោះក៏មានរថយន្តដឹកដែកបើកមកពីមុខបានកិនចំក្បាលបណ្តាលឱ្យបែកស្លាប់ភ្លាមៗ ចំណែករថយន្តបានបើករត់គេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចចរាចរណ៍បានចុះមកពិនិត្យ​និងប្រគល់សពទៅក្រុមគ្រួសារដើម្បីយកធ្វើបុណ្យ៕ដោយ៖វិចិត្រ