សន្ដិសុខសង្គម

បុរសបរទេសម្នាក់បើករថយន្តបុករះបង្កគ្រោះបានស្លាប់ក្នុងរថយន្ត

ភ្នំពេញ៖បុរសបរទេសម្នាក់បើករថយន្តបុករះថូផ្កាមុខផ្ទះខូចខាតម៉ូតូ២គ្រឿងនិងមានមនុស្សរងរបួសធ្ងន់។រីឯតៃកុងបានស្លាប់ក្នុងរថយន្ត សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីគាំងបេះដូង។ហេតុការណ៍នេះបានកើតឡើងនៅក្រោយប៉ុស្តិ៍នគរបាលកាកាបទី១ ជាប់របងសាលារៀន ក្លូប៊ល តាមផ្លូវបេតុងលេខ៦០ក ភូមិតាងួន ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ បុរសបរទេសម្នាក់បើករថយន្តម៉ាកនីសាន់ផ្លាកលេខភ្នំពេញ2 BG-1769 ពីកើតទៅលិច។មកដល់កន្លែងខាងលើស្រាប់តែរេចង្កូតបុករះថូផ្កាមុខផ្ទះ ពលរដ្ឋបែកអស់ជាច្រើន បង្កឲ្យខូចខាតម៉ូតូ២គ្រឿងនិងបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។

ចំណែកតៃកុងបានស្លាប់នៅក្នុងរថយន្តនោះដោយមិនមានប៉ះទង្គិចអ្វីសោះ ដែលសមត្ថកិច្ចសន្និដ្ឋានថាសង្ស័យគាំងបេះដូងស្លាប់មុនបុករះ។ក្រោយមកផ្នែកជំនាញបានចុះធ្វើកោសល្យវិច័យនិងរកក្រុមគ្រួសារដើម្បីមកទទួលសពទៅធ្វើបុណ្យ។ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ