សន្ដិសុខសង្គម

បាត់ខ្លួនម្នាក់និងសង្គ្រោះបាន៤នាក់ ក្រោយពីលិចទូកក្បែរកោះទន្សាយ

កំពត៖អាចពីផ្ទុកលើសចំណុះ ទូកប្រភេទមងកេវ១គ្រឿងបានលិចក្នុងសមុទ្រពេលកំពុងត្រឡប់មកពី​នេសាទដល់ក្បែរកោះទន្សាយ។ហេតុការណ៍នោះបណ្តាលឱ្យបាត់ខ្លួនបុរសម្នាក់និង​សង្គ្រោះ​បាន៤នាក់នេះ​កើតឡើងកាលពីកណ្តាលអធ្រាត្រថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២។

លោកសឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែបានរៀបរាប់ថា កាលពីពាក់កណ្តាលយប់​ថ្ងៃទី២៦ ខែធ្នូ ទូកអូសមងកេវមួយគ្រឿងរបស់អ្នកនេសាទមកពីឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានលិចក្បែរកោះទន្សាយ។

មកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ កម្លាំងកងទ័ពជើងទឹក ព្រមទាំងសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក​ខេត្តកែប សហការជាមួយប្រជានេសាទសហគមន៍បានតាមរកឃើញទូក និងសង្គ្រោះបុរស​៤នាក់ក្នុងចំណោម៥នាក់រួចនាំមកដីគោកវិញ។

លោកប្រធានសហគមន៍បានបន្តថា បុរសដែលកំពុងបាត់ខ្លួននោះគាត់មិនចេះហែលទឹកទេ។មូលហេតុបណ្តាលឱ្យទូកនេះលិចគឺមកពីផ្ទុកលើសចំណុះ ព្រោះយប់នោះពួកគាត់នេសាទ​ប៉ះចំហ្វូងត្រីច្រើន៕ដោយ៖កំចាយ