សន្ដិសុខសង្គម

បញ្ជូនបុរសម្នាក់ចេញសែកអត់លុយ១២.០០០ដុល្លារទៅតុលាការ

ភ្នំពេញ៖កម្លាំងអាវុធហត្ថភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែធ្នូនេះបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ​ពាក់ព័ន្ធចេញសែកអត់លុយប្រមាណ១២.០០០ដុល្លារដើម្បីចាត់ការតាមច្បាប់។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជុំ សាវឿន អាយុ៥៤ឆ្នាំ នៅបុរីឈូកវ៉ា១ សង្កាត់ក្រាំងធ្នង់ ខណ្ឌព្រែកព្នៅ ។ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែធ្នូ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ៥៦៤ អយក ចុះថ្ងៃទី១២ ខែធ្នូឆ្នាំ២០២២ របស់ព្រះរាជអាជ្ញា​រាជធានីភ្នំពេញ។បន្ទាប់ពីមានបណ្ដឹងរបស់ឈ្មោះជុំ វន ថៅកែយានដ្ឋានជួសជុលរថយន្​តក្នុងខណ្ឌទួលគោក។

តាមបណ្ដឹងឈ្មោះ ជុំ វន បានឱ្យដឹងថា កាលពីថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ជុំសាវឿន បានសុំខ្ចីប្រាក់ខ្លួនចំនួន ១២.០០០ដុល្លារ ដើម្បីពង្រីកមុខរបរ ពេលនោះខ្លួនក៏ឱ្យខ្ចី។លុះដល់ថ្ងៃកំណត់ត្រូវសងប្រាក់ ឈ្មោះ ជុំ សាវឿន បានចេញសែក២សន្លឹកគឺលេខ២២២៤៤៧ ចុះថ្ងៃទី៥ខែសីហា ឆ្នាំ២០២១ របស់ធនាគារ ABA មានទឹកប្រាក់ចំនួន៦.០០០ ដុល្លារនិងមួយសន្លឹកទៀតលេខ២២២៤៤៨ មានប្រាក់ចំនួន៦.០០០ដុល្លារ។

លុះដល់ថ្ងៃបើកប្រាក់ ស្រាប់តែខាងធនាគារប្រាប់ថាសែកនោះអត់មានលុយទេ។ក្រោយមកខ្លួនបានស្វែងរកឈ្មោះ ជុំ សាវឿន ដើម្បីដោះស្រាយគ្នា។ប៉ុន្តែជននេះគេចខ្លួនរហូតមកទើបប្ដឹងមកសមត្ថកិច្ចតែម្ដង៕ដោយ៖វិចិត្រ