អន្តរជាតិ

ទាហានអ៊ុយក្រែន៤នាក់បានស្លាប់ ក្នុងប្រតិបត្តិការឈ្លបការណ៍ជិតព្រំដែនរុស្ស៊ី

ទាហានអ៊ុយក្រែនចំនួន៤នាក់ត្រូវបានផ្ទៀងផ្ទាត់ថាស្លាប់ពិតមែនដោយសារគ្រាប់មីន ក្នុងពេលទៅ​បំពេញប្រតិបត្តិការឈ្លបយកការណ៍នៅព្រំដែនជិតដីរុស្ស៊ីភាគខាងជើង។

តាមការចេញផ្សាយដោយកាសែតជាតិអ៊ុយក្រែនប្រាវដា និងសេវាសន្តិសុខរុស្ស៊ី ហៅកាត់ FSB នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ អ្នកស្លាប់ទាំងបួននាក់គឺពិតជាទាហានអ៊ុយក្រែនមែន។ អ្នកទាំងបួនត្រូវបានស្គាល់កំណត់អត្តសញ្ញាណឈ្មោះ Yuriy Horovets អាយុ៣៤ , Maksym Mykhaylov អាយុ៣២, Taras Karpyukអាយុ ៣៨, និងចុងក្រោយឈ្មោះ Bohdan Lyahov អាយុ ១៩ឆ្នាំ។ យោងតាមការបញ្ជាក់បន្តពីក្រុមការងារអ៊ុយក្រែនដែលជាទាហានដូចគ្នាបានឲ្យដឹងថា ពួកគេគឺជាក្រុមទាហានអ៊ុយក្រែន​ដែលទទួលភារកិច្ចពីថ្នាក់លើឲ្យទៅធ្វើប្រតិបត្តិការឈ្លបយក​ការណ៍នៅក្នុងប្រទេសរុស្ស៊ី តែជាអសកុសលត្រូវបានបាត់បង់ជីវិតដោយសារផ្ទុះគ្រាប់មីនដែល​ដាក់បង្កប់​នៅតាមព្រំដែនភាគខាងជើងជាប់រុស្ស៊ី។

ចាប់តាំងពីមានសង្រ្គាមមក ខាងអ៊ុយក្រែនបានរាយការណ៍ជាបន្តបន្ទាប់ពីករណីពលីរបស់បុគ្គលិក​យោធា ដែលភាគច្រើនដោយសារតែត្រូវគ្រាប់មីនផ្ទុះស្លាប់ ធ្លាក់ចូលរណ្តៅមីន និងវាលបង្កប់មីន ក្នុងនោះរួមមាននៅតាមតំបន់សមរភូមិដូចជាកំពង់ផែឃើសនខាងត្បូង និងដុនបាសខាងកើត៕

ប្រភព៖ UKRAINSKA Pravda

ប្រភពរូប៖UKRAINSKA Pravda
ប្រែសម្រួល៖សុខ តុលា