សេដ្ឋកិច្ច

ជា​ប្រវត្តិសាស្ត្រ ៖​ ឡេ​លាប​ខ្លួន​ក្លែងក្លាយ​រហូតដល់​ជាង​៦​តោន ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​

​ភ្នំពេញ​៖ឡេ​លាប​ខ្លួន​ម៉ាក BLACK SHEEP Body Lottion ក្លែងក្លាយ កែច្នៃ​វេច​ខ្ចប់​នៅក្នុង​ស្រុក បន្លំ​ប្រភពដើម​ដែលមាន​រោងចក្រ​នៅ​ប្រទេស​ថៃ ប្រមាណ​ជាង​៦​តោន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន​នៅ​ទីតាំង​ផ្ទះល្វែង​នៅ​បុរី​ពិភពថ្មី​កំបូល​៣ ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​នាំចូល ផលិត ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​នេះ​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.) សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​មានការ​សម្របសម្រួល​នីតិវិធី ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២២​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយក្នុង​សន្និសីទ​សារព័ត៌មាននៅ​រសៀល​ ថ្ងៃទី​២៦ខែធ្នូ ឆ្នាំ​២០២២បាន​ឲ្យ​ដឹងថា​៖​ករណី​ឡេ​លាប​ខ្លួន​ក្លែងក្លាយ​ជាង​៦​តោន​នេះ អាច​ចាត់ទុកថា​ជា​ប្រវត្តិសាស្ត្រ​មួយ​។

លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ បានឲ្យដឹងថា៖ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​នេះ កម្លាំងចម្រុះ​របស់​គណៈ​ក​ម្មា​ធិ​ការ (​គ​.​ប​.​ផ​.​ក​.) បាន​រកឃើញ​ផលិតផល​គ្រឿងសម្អាង​ជាច្រើន​តោន រួមមាន​៖

*​ទី​១៖ លួច​ផលិត ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង (​ឡេ​) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ គ្មាន​បទដ្ឋាន​បច្ចេកទេស និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​

*​ទី​២៖ លួច​ក្លែងបន្លំ​ប្រភព នៃ​ការផលិត​ឡេ​ម៉ាក BLACK SHEEP BODY LOTION ជា​ផលិតផល​របស់​ប្រទេស​ថៃ ដែល​លួច​ផលិត ដោយ​យក​វត្ថុធាតុដើម​ដូចជា ផលិតផល​ឱសថ និង​គ្រឿងសម្អាង​ក្លែងក្លាយ មក​លាយ​ផ្សំ​បញ្ចូល​គ្នា ដើម្បី​ផលិត​កែច្នៃ​គុណភាព​ផលិត ផល​គ្រឿងសម្អាង​(​ឡេ​)ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយដែល​ខុសពី​ផលិតផល​ពិត(​ទំនិញ​សុទ្ធ​) ម៉ាក BLACK SHEEP BODY LOTION (​ឡេ​) ដែល​បាន​ផលិត​នៅ​ប្រទេស​ថៃ​

*​ទី​៣៖ លួច​ប្រើប្រាស់​បុគ្គលិក​ចំនួន​២៣​នាក់ ដែល​ក្នុងចំណោម​បុគ្គលិក​ទាំងនោះ មាន​បុគ្គលិក មួយចំនួន​ជា​អនីតិជន​មិនទាន់​គ្រប់​អាយុក្នុងការ​បម្រើ​ការងារ​ដែល​ខុស​នឹង​ច្បាប់ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ដោយមាន​គោលការណ៍​ដឹកនាំ​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​.) បន្ត​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធិ​ខ្ពស់ដូច​មាន​ខាងក្រោម​៖

*​ទី​១៖ អនុវត្ត​ប្រកាស​រួម​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ដែលមាន​គណៈកម្មាធិកា​រ (​គ​.​ប​.​ផ​.​ក​.) ជា​សេនាធិការ ជូន​ក្រសួងមហាផ្ទៃ​
*​ទី​២៖ ស្រាវជ្រាវ ស៊ើបអង្កេត​ទីតាំង និង​ជន​ប្រព្រឹត្ត​បទល្មើស​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ក្នុងប្រទេស​កម្ពុជា​
*​ទី​៣៖ សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នានា ដើម្បី​ចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំ​អំពី​សុវត្ថិភាព នៃ​ផលិតផល​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ អាហារ​បំប៉ន និង​គ្រឿងសម្អាង​
*​ទី​៤៖បន្តធ្វើ​សកម្មភាព និង​ប្រតិបត្តិការ ដើម្បី​សុវត្ថិភាពនិង​សុខភាព​សាធារណៈ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា ដោយ​ឃើញថា ទីតាំង​ប្រព្រឹត្ត​ខុសច្បាប់​នេះ មិន​អនុលោម​តាមច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះរាជអាជ្ញា​សម្រេច​ឲ្យ​បិទ​ទីតាំង ដោយ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។​

​គណៈកម្មាធិការ (​គ​.​ប​.​ផ​.​ក​.) សូម​អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន និង​បញ្ឈប់​រាល់​ការទិញ​ផលិតផល​ឡែ​ក្លែងក្លាយ​ម៉ាក BLACK SHEEP BODY LOTION​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ទាំងនេះ​៖ Facebook Account៖ Bella, Facebook Page៖ ប្រេន​Black Sheep (Ceo Bella) និង Facebook Page លេ​ចៀម Black Sheep បាន​ផ្សព្វផ្សាយ​និង​លក់​ចែកចាយ​ផលិតផល​ម៉ាក​ក្លែងក្លាយ​ខាងលើ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ ដល់​សុខភាព​អ្នកប្រើប្រាស់​។​

​គណៈកម្មាធិការ បាន​កត់សម្គាល់ថា មាន​ជនខិលខូច​មួយចំនួន​បាន​កំពុង​លួច​ផលិត ស្តុក​ទុក និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ​ស្រប​ពេលដែល​អ្នកប្រើប្រាស់​កំពុងមាន​តម្រូវការ​ប្រើប្រាស់​ច្រើន ជា​ហានិភ័យ​ងាយ​រង​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ផងដែរ​គណៈកម្មាធិការ​នឹង​បន្ត​តាមដាន​ស្រាវជ្រាវ​លើ​កិច្ចការងារ​នេះ​បន្ថែមទៀត ដើម្បី​នាំ​ជន​ល្មើ​លពាក់​ព័ន្ធ​ឲ្យ​ទទួលខុសត្រូវ​តាមច្បាប់​៕​ដោយៈ​ផា​វី​