អន្តរជាតិ

កូរ៉េខាងត្បូងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកកូរ៉េខាងជើងហោះចូលដែនអាកាសខ្លួន

យោធាកូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃចន្ទទី ២៦ ខែធ្នូ ឆ្នាំ២០២២ បានបាញ់ទម្លាក់យន្តហោះគ្មាន​មនុស្សបើក​កូរ៉េខាងជើង១គ្រឿង ក្នុងពេលហោះចូលរំលោភដែនអាកាស។

យោងតាមក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់ទម្លាក់បានធ្វើឡើង​នៅរសៀលថ្ងៃចន្ទ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥ គ្រឿងបានឆ្លងចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូង ខណៈយោធាបានបញ្ចេញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារឆ្លើយតប ជាលទ្ធផលយន្តហោះគ្មានមនុស្សបើកកូរ៉េខាង​ជើង​១គ្រឿងត្រូវបានបាញ់ទម្លាក់។ ក្នុងការរំលោភដែនអាកាសនោះ លោក Lee Seung-oh មន្ត្រីការពារជាតិកូរ៉េខាងត្បូង បានលម្អិតថា យន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿងបានហោះជុំវិញកោះ Ganghwa និងមួយគ្រឿងបានហោះពីលើដែនអាកាសភាគខាងជើង​នៃរដ្ឋធានីសេអ៊ូល។ លោក Lee ថ្លែងក្នុង​សន្និសីទ​កាសែត​ថា៖ “នេះ​គឺ​ជា​ការ​បង្កហេតុ​ច្បាស់​នឹងភ្នែក មិនអាចប្រកែកបាន និង​ការ​ឈ្លានពាន​ដែន​អាកាស​របស់​យើង​ដោយ​កូរ៉េ​ខាង​ជើង”។

ក្នុងប្រតិបត្តិការឆ្លើយតបនោះ យន្តហោះវាយប្រហារធុនស្រាល KA-1 មួយគ្រឿងរបស់កូរ៉េខាងត្បូង​ក៏មានបញ្ហាផងដែរនៅពេលហោះឡើង មូល​ហេតុ​នៃ​​យន្តហោះ​នេះ​មិន​ទាន់​ដឹង​ច្បាស់​ទេ ហើយ​ក៏​មិន​មាន​អ្នក​រង​របួស​ដែរ។ ​យោងតាមប្រភពដដែល យន្តហោះគ្មានមនុស្សបើកកូរ៉េខាងជើងឆ្លងមកលើកនេះ គ្មានអ្វីក្រៅតែពីការឈ្លបយកការណ៍នោះទេ ពួកគេធ្លាប់បានបញ្ជូនយន្តហោះគ្មាន​មនុស្សបើក​ម្តងដែរក្នុងឆ្នាំ២០១៧ ក្រោមព្រំដែនអន្តរកូរ៉េដើម្បីមកធ្វើចារកម្មលើប្រព័ន្ធមីស៊ីលដែលផលិត​ដោយសហរដ្ឋអាម៉េរិក៕

ប្រភព៖ CNN

ប្រភពរូប៖CNN
ប្រែសម្រួល៖សុខ តុលា