សេដ្ឋកិច្ច

កម្ពុ​ជាមាន​គម្រោង​សំណង់​ចំនួន​៣.៨២៧​គម្រោង ក្រោម​ទុនវិនិយោគ​សរុប​ជាង​២,៦​ពាន់​លាន​ដុល្លារ​អាមេរិក​ពេញ​មួយឆ្នាំ​២០២២

​ភ្នំពេញ​៖​ក្នុង​ឆ្នាំ​២០២២​នេះ​ប្រទេស​កម្ពុ​ជាមាន​គម្រោង​សំណង់​នៅ​ទូទាំងប្រទេស​ចំនួន​៣.៨២៧​គម្រោង​ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​៦​លាន​៥​សែន​ម៉ែត្រការ៉េ ក្នុងតម្លៃ​ទុនវិនិយោគ ជាង​២.៦៣៤​លាន​ដុល្លារ​អាមេរិក​។​នេះ​បើ​យោងតាម​របាយការណ៍របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​ឆ្នាំ ២០២២​នេះ​។​

​របាយការណ៍​បាន​បង្ហាញថា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ទិន្នន័យ​គម្រោង​សំណង់​ក្នុង​ឆ្នាំ​២០២២​នេះ​បាន​ថយចុះ​ចំនួន​៩៨​គម្រោង ដែលមាន​ចំនួន​៣.៩២៥​គម្រោង និង​មាន​ផ្ទៃក្រឡា​សំណង់​ចំនួន​១២​លាន​៦​សែន​ម៉ែត្រការ៉េ​ក្នុងតម្លៃ​ទុនវិនិយោគ​ប្រមាណ​ជាង​៥.២១០​លាន​ដុល្លារ​អាមេរិក ដែលមាន​ការថយចុះ​៤៩,៤២%​។​

​សម្រាប់​សំណង់​លំនៅឋាន​មាន​ចំនួន​៤.៣២១​គម្រោង ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ​ជាង ១.៤១២​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ សំណង់​ជា​លក្ខណៈ​បុរី​មាន​ចំនួន​៣៥​គម្រោង ស្មើនឹង​៩.៩១២​ខ្នង មានតម្លៃ​វិនិយោគ​ប្រមាណ​៨២០​លាន​ដុល្លារ ប្រភេទ​ផ្ទះល្វែង​មាន​ចំនួន​៦.៦០៩​ល្វែង ក្នុងតម្លៃ​វិនិយោគ​ប្រមាណ​៥៥៤​លាន​ដុល្លារ និង​អគារ​ស្នាក់នៅ​រួមមាន​ចំនួន​៥១​គម្រោង ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ​២២២​លាន​ដុល្លារ​។​

​ដោយឡែក សំណង់​សណ្ឋាគារ​មាន​ចំនួន​២០​គម្រោង មានតម្លៃ​ទុនវិនិយោគ​ប្រមាណ​៧១​លាន​ដុល្លារ សំណង់​អគារ​ពាណិជ្ជកម្ម​មាន​ចំនួន​១៨៥​គម្រោង មានតម្លៃ​ទុនវិនិយោគ​ប្រមាណ​៤៣៦​លាន​ដុល្លារ សំណង់​អគារ​រោងចក្រ​មាន​ចំនួន​១១៧​គម្រោង មានតម្លៃ​ទុនវិនិ​យោគ​ប្រមាណ​៥៣៣​លាន​ដុល្លារ និង​សំណង់​អគារ​ពហុមុខ​ងារ​មាន​ចំនួន​៧​គម្រោង ដែលមាន​តម្លៃ​ទុនវិនិយោគ​ប្រមាណ​១៤៩​លាន​ដុល្លារ​៕​ដោយៈសិរីមតី