កីឡា

Wolves ខ្ចី​ជើង Cunha ពី Atletico នៅ​ថ្ងៃបុណ្យគ្រិស្តស្មាស់​

ក្លិប Wolverhampton Wanderers (Wolves) បានព្រម​ព្រៀង​ចុះហត្ថលេខា​លើ​ការ​ខ្ចី​ជើង​ខ្សែប្រយុទ្ធ​សញ្ជាតិប្រេស៊ីល Matheus Cunha ពីក្លិប Atletico Madrid នៅ​ក្របខ័ណ្ឌ La Liga របស់​ប្រទេស​អេស្ប៉ាញ។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​ក្លិបបាល់​ទាត់​ទាំង២ កាលពីថ្ងៃអាទិត្យ ដែល​ជា​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស់​តែម្ដង​។

Wolves បានឱ្យ​ដឹង​ថា កីឡាករ Cunha នឹង​ចូល​រួម​ជាមួយ​ក្លិប ចាប់​ពី​ថ្ងៃទី​១ ខែ​មករា តាម​កិច្ចសន្យា ដែលអាច​ក្លាយ​ទៅ​ជា​ការ​ផ្ទេរ​អចិន្ត្រៃយ៍​រហូតដល់​ឆ្នាំ​២០២៧ ប្រសិន​បើ​លក្ខន្តិកមួយចំនួន ត្រូវបាន​សម្រេច​ឡើង។

«យើងបានប្រទះ​ឃើញអំណោយមួយទៀតនៅក្រោមដើមឈើ»។ នេះ​ជា​សារ​របស់​ក្លិប​ នៅ​ក្រប​ខ័ណ្ឌ Premier League អង់គ្លេស​ ដែល​សរសេរលើបណ្ដាញ​សង្គម Twitter របស់​ខ្លួន ដោយប្រកាសបន្ថែម​ថា កីឡាករវ័យ ២៣ឆ្នាំ គឺ​ជាកីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់លោក Julen Lopetegui ក្នុងនាមជាគ្រូបង្វឹក​របស់​ក្រុម Wolves។

កីឡាករ Cunha បានចូលរួមជាមួយក្រុម Atletico ក្នុងខែសីហា ឆ្នាំ២០២១ ហើយ​ស៊ុតបញ្ចូលទីបាន ៦គ្រាប់ នៅ La Liga ក្នុង​ចំណោម​ការ​បង្ហាញខ្លួន ៤០​លើក។ រូប​គេ​ភាគច្រើនលេង​ក្នុង​នាម​ជាកីឡាករ​បម្រុង។ នៅ​មុននោះ រូប​គេ​បានលេងនៅក្របខ័ណ្ឌ Bundesliga របស់ប្រទេសអាល្លឺម៉ង់ ដោយ​ចូល​រួម​ជាមួយក្លិប RB Leipzig ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ហើយ​បន្ទាប់មក ចំណាយ​ពេល​មួយ​រដូវកាល នៅ​ឯក្លិប Hertha Berlin។

កីឡាករ Cunha បានបង្ហាញខ្លួនលើកដំបូងឱ្យ​ក្រុម​ជម្រើស​ជាតិធំប្រេស៊ីល កាល​ពី​ខែកញ្ញា ឆ្នាំ២០២១ ក្នុងការប្រកួតវគ្គជម្រុះ World Cup ដែល​មាន​ជ័យ​ជម្នះ​លើ​ក្រុម​ស៊ីលី ១-០។ មួយខែ នៅ​មុននោះ រូប​គេ​បានឈ្នះមេដាយមាសជាមួយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំរបស់ប្រទេស​ប្រេស៊ីល ក្នុង​ព្រឹត្តិការណ៍អូឡាំពិក នា​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន៕