កីឡា

Conte មិន​សប្បាយ​ចិត្ត​នឹង​ការ​ចាប់ផ្ដើម Premier League ឡើង​វិញ​យ៉ាង​រហ័ស​

លោក Antonio Conte ដែល​ជា​អ្នកចាត់ការរបស់​ក្រុម Tottenham Hotspur (Spurs) ពិត​ជា​មិនសប្បាយចិត្ត​នោះឡើយ ដែលការ​ប្រកួតប្រជែង នៅ​ក្របខ័ណ្ឌ Premier League នឹងចាប់​ផ្ដើម​បន្ត​ឡើងវិញត្រឹមរយៈ​ពេលតែ ៨ថ្ងៃ បន្ទាប់ពីចប់​ព្រឹត្តិការណ៍ World Cup ហើយបានព្រលយ​ពាក្យ​ថា គាត់អាចនឹងឱ្យ​កីឡាករខ្លះ​សម្រាក ពេលធ្វើ​ដំណើរ​ទៅ​ផ្ទះរបស់ក្រុម Brentford សម្រាប់ហ្គេម នៅ​ថ្ងៃ Boxing Day (ការប្រកួត​ក្រោយ​ថ្ងៃបុណ្យ​គ្រិស្ដស្មាស់)។

ក្នុងចំណោមកីឡាករទាំង ១២​នាក់របស់ក្រុម Spurs ដែលមានវត្តមានក្នុងប្រទេសកាតា លោក Conte បានដក​អ្នកចាំទីសញ្ជាតិ​បារាំង Hugo Lloris និងខ្សែការពារសញ្ជាតិ​អាហ្សង់ទីន Cristian Romero ដែលបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ World Cup កាលពីថ្ងៃអាទិត្យកន្លង​ទៅ​ ចេញពីការប្រកួត នៅ​ថ្ងៃចន្ទនេះ។

«វាគឺជាស្ថានភាពចម្លែកមួយ ហើយនិយាយដោយស្មោះត្រង់ ក្នុងការប្រកួត​ដ៏ឆាប់​រហ័ស​បែប​នេះ ពោល​គឺ​ត្រឹមតែ ១សប្តាហ៍ បន្ទាប់ពីការប្រកួត នៅ World Cup ខ្ញុំពិតជាមិនសប្បាយចិត្តនោះ​ឡើយ»។ នេះ​ជា​ការលើក​ឡើង​របស់​លោក Conte ដែលត្រូវ​បានផ្សព្វផ្សាយ នៅក្នុងបណ្ដាញ​សារព័ត៌មាន​របស់ប្រទេស​អង់គ្លេស កាលពីថ្ងៃអាទិត្យ។

លោក​បាន​បន្ត​ថា​៖ «វាមិនអាចទៅរួចនោះ​ទេ ក្នុងការឱ្យពួកគេសម្រាកឱ្យបានច្រើន ហើយប្រាកដណាស់ជាមួយនឹងកីឡាករ ដែលមិនបានទៅចូល​រួម នៅ World Cup ហើយយើងធ្វើការហ្វឹក​ហាត់ អស់រយៈពេល ៤សប្តាហ៍។ ឥឡូវនេះ ពួកគេស្ថិតក្នុងកម្រិតមួយ ដែលប្រសើរជាងកីឡាករ ដែលបានបញ្ចប់ការ​ប្រកួត​ប្រជែង នៅ World Cup ទៀត​»។

«សម្រាប់ហេតុផលនេះ ខ្ញុំគិតថា ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តដ៏ល្អបំផុតមួយ សម្រាប់ការប្រកួតទល់នឹងក្រុម Brentford»។ នេះ​ជា​ការ​បន្ថែម​របស់​លោក Conte ដោយបាន​បញ្ជាក់​ទៀតថា កីឡាករដែលបានត្រឡប់ពី World Cup វិញ​ គឺមិនស្ថិតក្នុងទម្រង់​លេង​កម្រិតកំពូល នៅ​​ពេលនេះទេ។

កីឡាករ Rodrigo Bentancur នឹងខកខានការប្រកួត ដោយសារជាប់​ការ​ពិន័យ ប៉ុន្តែក៏កំពុងមានបញ្ហាសរសៃពួរដែរ ខណៈដែលខ្សែប្រយុទ្ធ Richarlison នឹងអវត្តមានរយៈពេលពី ៣ ទៅ ៤សប្តាហ៍ដោយសាររបួសសរសៃពួរ ដែលកើត​មាន អំឡុង​ពេល​លេង​ឱ្យក្រុម​ជម្រើសជាតិ​ប្រេស៊ីល នៅ World Cup។

ក្រុម Spurs នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ប្រជែង​ឡើង​វិញ ដោយ​ឈរនៅ​ចំណាត់​ថ្នាក់​លេខ៤ ក្នុងតារាងពិន្ទុ ជាមួយ​នឹង ២៩ពិន្ទុ បន្ទាប់ពីបញ្ចប់​ទៅ ១៥ហ្គេម ដោយ​តាម​ ៨ពិន្ទុពីក្រោយក្រុមកំពូលតារាង Arsenal ដែលប្រកួត​តិច​ជាង ១លើក​៕