អន្តរជាតិ

ហ្សេឡិនស្គីព្រមានថារុស្ស៊ីនឹងបើកការ វាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃឆ្លងឆ្នាំ

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានចេញការព្រមានថា​ រុស្ស៊ីនឹងបើកការវាយប្រហារ​ទ្រង់ទ្រាយធំ​វិនាសកម្មខ្លាំងបំផុតនៅថ្ងៃឆ្លងឆ្នាំខាងមុខឈានចូល២០២៣។

យោងតាមកាសែតជាតិអ៊ុយក្រែនប្រាវដា លោកស្គីបានថ្លែងជាហូរហែក្នុងវីដេយប់ថ្ងៃ​អាទិត្យ​ទថា នៅថ្ងៃដំណាច់ឆ្នាំចុងក្រោយនៃឆ្នាំ ២០២២ឈានចូល២០២៣ ពោលគឺទី៣១ ខែធ្នូនេះ រុស្ស៊ីអាចនឹងមានផែនការវាយប្រហារថ្មីខ្លាំងបំផុតមួយមកលើទីក្រុង និងរដ្ឋធានីរបស់​អ៊ុយក្រែន។ សម្រង់សម្ដី “នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះសម្រាប់ឆ្នាំនេះ។ យើងត្រូវតែដឹងថា សត្រូវរបស់យើងនឹងព្យាយាមធ្វើឱ្យពេលវេលានោះងងឹត និងពិបាកសម្រាប់យើង។ រុស្ស៊ីនឹងសងសឹកនូវអ្វីដែលពួកគេមិនបានសម្រេចដូចបំណងនៅឆ្នាំនេះ”។

ជាការអំពាវនាវ លោកស្គីបានប្រាប់ឱ្យប្រជាជនអ៊ុយក្រែនមេត្តាយកចិត្តទុកដាក់លើការព្រមាន​អំពីការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ បើឮសំឡេងស៊ីរ៉ែនប្រកាសអាសន្ន ចូរនាំគ្នាកំណត់ទីតាំងមជ្ឈមណ្ឌលបំបាំងខ្លួន លេណដ្ឋានដែលនៅជិតបំផុត កន្លែងដែលមានកម្ដៅ មានអាហារសម្រន់ ភេសជ្ជៈក្តៅ Power Bank បង្ការការដាច់ចរន្តអគ្គិសនី។ ការអំពាវនាវបន្តថា “ប្រាប់ឪពុកម្តាយរបស់អ្នកពីរបៀបស្វែងរកមជ្ឈមណ្ឌល លេណដ្ឋានប្រសិនបើ​ចាំបាច់ ខណៈលេណដ្ឋានធំៗ​សរុបជាង ៥.៥០០កន្លែង នឹងត្រូវ​បាន​បើក​នៅ​ទូទាំង​ប្រទេស”៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា