សន្ដិសុខសង្គម

ស្នងការនគរបាលភ្នំពេញបញ្ឈរជើងមន្រ្តីនគរបាលម្នាក់រយៈពេល៣ខែ

ភ្នំពេញ៖មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លាម្នាក់ ត្រូវបានថ្នាក់លើបញ្ឈរជើងរយៈពេល៣ខែ បន្ទាប់ពីបង្ហោះលក់ប័ណ្ណចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ នៅលើបណ្តាញTikTok ។

យោងសេចក្តីការបកស្រាយពីក្រុមប្រតិកម្មរហ័សនៃនគរបាលភ្នំពេញថ្ងៃទី២៦ ធ្នូនេះបានឱ្យ ដឹងថា បន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គមTik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា TikTok Fan Dy 9828 ជាមន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លា ដែលបានបង្ហោះខ្លឹមសារថា “បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន” កាលពីថ្ងៃទី២៤ ខែធ្នូ។

ភ្លាមៗក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនគរបាលភ្នំពេញ បានស្រាវជ្រាវនិងកោះហៅ​លោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ៨៦៩០៤ មកបំភ្លឺករណីនេះ។ក្រោយពីសាកសួរ លោក ម៉ិច មាស បានសារភាពថា ពិតជាបានបង្ហោះខ្លឹមសារខាងលើប្រាកដមែន។តែមិនមានចេតនាក្នុងការ​លក់ដូរអ្វីទេ។បំណងផុសអួតដល់មិត្តភក្តិដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។

ទន្ទឹមនេះបានណែនាំអប់រំធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចផ្អាកការងារ បញ្ឈរជើងរយៈពេល៣ខែ ហើយត្រូវបង្ហាញមុខនៅរដ្ឋបាលនគរបាលខណ្ឌសែនសុខជារៀងរាល់ថ្ងៃ។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា  ប័ណ្ណសម្គាល់ទាំងនេះមិនមែន​សម្រាប់ធ្វើអាជីវកម្មទេ៕ដោយ៖វិចិត្រ