អន្តរជាតិ

មនុស្ស៣២នាក់ស្លាប់ដោយសារព្យុះព្រិលរដូវរងានៅសហរដ្ឋអាម៉េរិក

មនុស្សយ៉ាងហោចណាស់ ៣២នាក់បានស្លាប់នៅទូទាំងសហរដ្ឋអាម៉េរិកត្រឹមតែក្នុងរយៈពេល​ចុងសប្តាហ៍ប៉ុណ្ណោះ ដោយសារព្យុះព្រិលរដូវរងាបានវាយប្រហារខ្លាំង សីតុណ្ហភាពចុះត្រជាក់ក្រោម​សូន្យអង្សាសេ។

យោងតាមរបាយការណ៍សរុបគិតត្រឹមថ្ងៃចន្ទនេះ អ្នកស្លាប់រួមមានចំនួន ៣២នាក់មកតំបន់ដូចជា​ទីក្រុងញូយ៉ក រដ្ឋអូហៃអូ រដ្ឋខូឡូរ៉ាដូ រដ្ឋ Missouri, Kansas ក៏ដូចជា Kentucky ដោយភាគច្រើនមកពីគ្រោះថ្នាក់ចរាចរពេលកំពុងធ្វើដំណើរក្នុងស្ថានភាពធ្លាក់ព្រិលមើលគ្នាមិនឃើញ និងខ្លះទៀតដោយសារមិនអាចទ្រាំទ្រនឹងសីតុណ្ហភាពត្រជាក់ខ្លាំងបាន។ នៅក្នុងរដ្ឋខូឡូរ៉ាដូ បុរស​អនាថា​ម្នាក់​​ត្រូវ​បាន​រក​ឃើញដេកស្លាប់​ចំ​ពេល​សីតុណ្ហភាព​ធ្លាក់ចុះក្រោម​សូន្យអង្សាសេ ខណៈស្ត្រីម្នាក់ទៀតបានធ្លាក់ចូលក្នុងទឹកកកទន្លេ Wisconsin អំឡុងពេលផុងទឹកកកនៅផ្ទៃខាងលើ ។

ក្រៅតែពីអ្នកស្លាប់ យោងតាមគេហទំព័រតាមដានការហោះហើរ Flightaware.com បានឱ្យដឹងថា ព្យុះព្រិលនេះពិតជាកាចសាហាវបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍មិនធ្លាប់មាន បានបង្ខំឱ្យលុបចោលជើងហោះហើរអាម៉េរិកជាង ២.៤០០ជើងកាលពីថ្ងៃអាទិត្យ បន្ថែមពីលើការលុបចោលចំនួន ៣.៥០០ កាលពីថ្ងៃសៅរ៍ និងជិត ៦.០០០ជើងថ្ងៃសុក្រ។ អ្នក​ធ្វើ​ដំណើរ​នៅ​តែ​កំពុងជាប់​គាំង ឬ​ត្រូវ​ពន្យារ​ពេល​នៅ​អាកាសយានដ្ឋាន ​ពេញ​មួយ​ថ្ងៃ​បុណ្យ​ណូអែល។ ជាក់ស្តែងអាកាសយានដ្ឋាននៅ Buffalo ក៏ត្រូវបានបិទដែរ ខណៈព្រិលនៅទីនោះបានធ្លាក់ក្នុងកម្រាស់ ១០៩ សង់ទីម៉ែត្រ។ ដោយឡែកនៅទូទាំងព្រំដែនអាម៉េរិកជជាមួយប្រទេសកាណាដា អគ្គិសនីក៏បានកាត់ផ្តាច់អ្នកប្រើប្រាស់យ៉ាងតិចណាស់ ១៤០.០០០នាក់ផងដែរ ដែលភាគច្រើននៅក្នុងទីក្រុង Ontario និង Quebec។ ជាការឆ្លើយតប រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានយល់ព្រមគាំទ្រសំណើសម្រាប់ការប្រកាសកញ្ចប់សង្រ្គោះសហព័ន្ធ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា