សន្ដិសុខសង្គម

បាក់ដែកជើងទម្រស៊ីទែនទឹករលំសង្កត់កម្មករម្នាក់ស្លាប់នៅស្រុកស្នួល

ក្រចេះ៖កម្មករជនជាតិវៀតណាមម្នាក់បានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ ករណីបាក់ដែក​ទម្រស៊ីទែនទឹករលំសង្កត់ចំពីលើផ្ទៃមុខកាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ វ៉ូ ង្វៀងភឿក អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ជាកម្មករ ស្នាក់នៅក្នុងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ភូមិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ។ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ បានចុះពិនិត្យលើដងខ្លួនសាកសពឃើញមានស្នាមដាច់ត្រង់ចិញ្ចើមខាងឆ្វេង។

មុនកើតហេតុ បន្ទាប់ពីសម្រាកការងារ ជនរងគ្រោះក៏ចូលបន្ទប់រៀបចំហូបបាយ។ពេលនោះរូបគេបានដើរទៅបិទទឹកស៊ីទែន ក៏ត្រូវដែកជើងទម្រស៊ីទែនទឹកបាក់រលំ​សង្កត់ហើយបានស្លាប់តាមផ្លូវពេលដឹកទៅមន្ទីពេទ្យ។ក្រោយមកសពត្រូវបានប្រគល់ឱ្យឈ្មោះ Huang hai long ជាថៅកែជនជាតិចិនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖ វីរ