សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ពីបទលួចកាច់សោយកម៉ូតូទៅតុលាការ

កណ្តាល៖ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង បានចាប់ជនសង្ស័យចំនួន២នាក់ពីបទលួច​កាច់សោយកម៉ូតូ ហើយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ទោ ស៊ូ គឹមស៊ុន អធិការរងនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូកន្លងទៅនេះ កម្លាំងជំនាញបានចាប់ជនសង្ស័យ២នាក់ករណីលួចកាច់សោយកម៉ូតូ។២នាក់នោះឈ្មោះ រស់ រស្មី អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ មិន សារិ អាយុ៤២ឆ្នាំ នៅផ្ទះជួលភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកអធិការរងបានបន្តថា ជនសង្ស័យបានកាច់សោលួចយកម៉ូតូដែលម្ចាស់ចតទុកមុខផ្ទះ ហើយជិះចេញតែត្រូវម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើលប្រជាពលរដ្ឋជួយស្ទាក់ចាប់បានម្នាក់ជាមួយម៉ូតូដែលលួច។ចំណែកបក្ខពួកបានជិះម៉ូតូ១គ្រឿងទៀតបើករត់គេចទៅពួនសម្ងំនៅក្នុងបន្ទប់ជួល។

ក្រោយមកកម្លាំងបានចុះឡោមព័ទ្ធចាប់បានម្នាក់ទៀតនៅក្នុងបន្ទប់ជួលនោះនិងដកហូតម៉ូតូបាន២គ្រឿង។ក្នុងនោះ១គ្រឿងជារបស់ជនរងគ្រោះនិង១គ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាព។ម៉ូតូ១គ្រឿងត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។រីឯម៉ូតូ១គ្រឿងទៀតជាមួយជនសង្ស័យទាំង​២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕ដោយ៖វិចិត្រ