សន្ដិសុខសង្គម

 បុរសម្នាក់ទាញកាំបិតកាប់អ្នកកំពុងស្ទូចត្រី រអិលជើងដួលបោកក្បាលខ្លួនឯងនឹងថ្មស្លាប់

ព្រះសីហនុ៖ សង្ស័យរឿងគំនុំ បុរសម្នាក់បានទាញកាំបិតកាប់បុរសម្នាក់កំពុងស្ទូចត្រីបណ្ដាលឲ្យរបួស តែរអិលជើងដួលបោកក្បាលខ្លួនឯងនឹងថ្មស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត៦ល្ងាច  ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ មានករណីហិង្សាមួយបានកើតឡើងក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដោយ បុរសម្នាក់បានដេញកាប់បុរសម្នាក់ទៀតកំពុងស្ទូចត្រីរហូតដល់ផ្ទាំងថ្មមាត់សមុទ្របណ្តាលដួលបោកក្បាលនឹងថ្មខ្លួនឯងស្លាប់។

ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា៖ ជនសង្ស័យដេញកាប់អ្នកស្ទូចត្រីឈ្មោះ សុខ ហេង អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្តនៅក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិច មានទីលំនៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ស្លាប់នៅកន្លែងកើតហេតុ ។ បុរសរងរបួសឈ្មោះម៉ែន កែវ អាយុ៤៦ឆ្នាំ មុខរបរបើកបររថយន្តនៅក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិច មានលំនៅ ភូមិត្រពាំងស្ទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវមិត្តភក្ដិបញ្ជូនទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលឯកជន សេតេ។

ក្រោយកើតហេតុ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រសីហនុ បានសម្របសម្រួលនីតិវិធីប្រគល់ឲ្យនគរបាលមូលដ្ឋាន និងជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់៕