កីឡា

Onana លាឈប់​​ពី​ការ​លេងឱ្យ​ក្រុម​ជម្រើសជាតិកាមេរូនត្រឹម​វ័យ ២៦ឆ្នាំ

អ្នកចាំទី Andre Onana​ របស់​ក្រុមជម្រើសជាតិកាមេរូន បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ​ហើយ ដោយ​ការ​ប្រកាស​នេះ កើត​ឡើង​ក្រោយ ១ខែ បន្ទាប់ពីមានបញ្ហាជាមួយគ្រូបង្វឹកជម្រើសជាតិ លោក Rigobert Song ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។

អ្នក​ចាំទី Onana វ័យ ២៦ឆ្នាំរបស់ក្លិប Inter Milan មិនបានផ្តល់ហេតុផលជាក់លាក់ សម្រាប់ការ​សម្រេចចិត្​របស់ខ្លួន​នេះ​ទេ ដោយគ្រាន់តែនិយាយថា «រឿងរបស់គេជាមួយក្រុមជម្រើសជាតិកាមេរូន បានដល់ទីបញ្ចប់ហើយ»។

កីឡាករ Onana បានឱ្យ​ដឹង​ក្នុងសេចក្តីថ្លែងប្រកាសមួយកាលពីថ្ងៃសុក្រថា៖ «​កីឡាករមកហើយក៏ទៅ ឈ្មោះក៏​បាត់​ភ្លាម​មួយ​រំពេច ប៉ុន្តែ​កាមេរូនមកមុន (សំខាន់ជាង) កីឡាករ ឬ​បុគ្គល​ណា​ៗ​ទាំង​អស់។ កាមេរូននៅ​បន្ត​ជា​និច្ចនិរន្តរ៍​ ក៏ដូចជាក្តីស្រលាញ់របស់ខ្ញុំ ចំពោះក្រុមជម្រើសជាតិ និងប្រជាជន​របស់យើង ដែលតែងតែគាំទ្រពួកយើងរៀង​រហូត​មក មិនថា ស្ថិត​ក្នុង​គ្រាលំបាកយ៉ាងណាក្ដី»។

កីឡាករ Onana បានលេងក្នុងការប្រកួតបើកឆាក ដែល​ក្រុមរបស់គេ ​ចាញ់ក្រុម​ស្វីស ១-០ នៅប្រទេសកាតានោះ ប៉ុន្តែត្រូវបានទម្លាក់​ឈ្មោះចេញ សម្រាប់ការប្រកួត ២លើក​បន្ទាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មាន​គំនិត​ខ្វែង​គ្នា​ជាមួយលោក Song ពាក់​ព័ន្ធ​នឹង​តាកទិច (យុទ្ធសាស្ត្រ) ​របស់​ក្រុម​។

សហព័ន្ធបាល់​ទាត់​របស់ប្រទេស (FECAFOOT) បានឱ្យ​ដឹង​ថា នាពេល​នោះ អ្នក​ចាំ​ទី​រូប​នេះ​ត្រូវបានព្យួរ សម្រាប់ «ហេតុផលវិន័យ»។ កីឡាករ Onana បានចូល​លេងការ​ប្រកួត ៣៤លើកឱ្យ​ក្រុម​កាមេរូន បន្ទាប់ពីការ​បង្ហាញខ្លួនលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០១៦៕