អន្តរជាតិ

ពូទីននិយាយថា៖ ចង់ទាហានរុស្ស៊ីត្រូវការ​អ្វី រដ្ឋាភិបាលឲ្យទាំងអស់

ប្រធានាធិបតីរុស្ស៊ី វ្ល៉ា ឌឹមៀរពូទីន បាននិយាយថា ចង់ទាហានរុស្ស៊ីត្រូវការអ្វីក៏ដោយពេលនេះ រដ្ឋាភិបាលអាចផ្តល់ឲ្យបានគ្រប់យ៉ាងទាំងអស់។

នៅក្នុងសុន្ទរកថាអំឡុងពេលកិច្ចប្រជុំតាមទូរទស្សន៍ជាមួយមន្ត្រីយោធាជាន់ខ្ពស់នៅទីក្រុងមូស្គូកាលពីថ្ងៃពុធសប្តាហ៍នេះ លោក ពូទីន ពិតជាបានលើកឡើងដូច្នេះមែន តែបានភ្ជាប់ជាមួយពាក្យជាច្រើនទៀត ដោយសំដៅផ្តល់ឱវាទ ក៏ដូចជាការលើកទឹកចិត្តដល់កងកម្លាំងរុស្ស៊ីដែលកំពុងប្រយុទ្ធលើទឹកដី​អ៊ុយក្រែន​អស់រយៈពេល១០ខែមកនេះ។ ពូទីន បានប្រាប់ឲ្យទាហានរុស្ស៊ីទាំងអស់ត្រូវចេះតស៊ូ អត់ទ្រាំ រៀនដោះស្រាយបញ្ហារបស់ខ្លួនក្នុងសមរភូមិនៅអ៊ុយក្រែន ខណៈរដ្ឋាភិបាលអាចផ្តល់ឲ្យបាននូវអ្វីដែល​ទាហានត្រូវការ ដូចជា ថវិកា ឬឧបករណ៍ប្រយុទ្ធ។ សម្រង់សម្ដី “យើង​មិន​មាន​ការ​រឹត​បន្តឹង​ផ្នែក​ថវិកា​ទេ។ ប្រទេស​និង​រដ្ឋាភិបាល​កំពុង​ផ្តល់​អ្វី​គ្រប់​យ៉ាង​ដែល​កង​ទ័ព​ទាម​ទារ”។ “ភារកិច្ចដ៏សំខាន់បំផុតនៃឧស្សាហកម្មយោធា-ឧស្សាហកម្មរបស់យើងគឺផ្តល់អង្គភាព និងកងកម្លាំងជួរមុខរបស់យើងនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ៖ សព្វាវុធ បរិក្ខារ គ្រាប់រំសេវ និងឧបករណ៍ក្នុងបរិមាណចាំបាច់ និងមានគុណភាពត្រឹមត្រូវក្នុង រយៈពេលដ៏ខ្លីបំផុត”។

ពូទីនថែមទាំងបានគូសបញ្ជាក់អំពីឧបសគ្គខ្លះៗក្នុងដំណើរការចល័តទ័ព៣០ម៉ឺននាក់នាពេលកន្លងទៅ ទទួលយកការរិះគន់ក្នុងន័យស្ថាបនាផងដែរ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានស្នើឱ្យក្រសួង​ការពារជាតិយកចិត្តទុកដាក់ចំពោះគំនិតផ្តួចផ្តើមរបស់ជនស៊ីវិលទាំងអស់ រួមទាំងការគិតគូរដល់​ការរិះគន់ និងឆ្លើយតបឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា”។ ការទទួលស្គាល់នេះ កើតឡើងក្នុងពេលដែល​រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីបានស្នើឲ្យមានការកេណ្ឌទ័ពបន្ថែម ១,៥លាននាក់ ស្នើបង្កើនអាយុអ្នកចូល​ធ្វើទាហានពី ២១ឆ្នាំទៅ៣០ឆ្នាំ ធៀបនឹងពេលមុនគឺ ១៨ឆ្នាំទៅ២៧ឆ្នាំ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា