កីឡា

បារាំងអាច​​ទាក់ទង​រដ្ឋមន្ត្រី​កីឡាអាហ្សង់ទីន ជុំវិញករណី​ការ​ប្រមាថ​របស់​អ្នក​គាំទ្រ

រដ្ឋមន្ត្រីកីឡារបស់​ប្រទេស​បារាំង លោក​ស្រី Amelie Oudea-Castera បាននិយាយថា លោក​ស្រីអាច​ទាក់ទងទៅ​សមភាគីអាហ្សង់ទីនរបស់លោក​ស្រី ជុំវិញការ​ប្រើ​ប្រាស់​ពាក្យ​ប្រមាថលើខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្រុម​ជម្រើស​ជាតិ ពី​សំណាក់​អ្នកគាំទ្រអាហ្សង់ទីនមួយចំនួន នៅទីក្រុង Buenos Aires ក្នុង​ខណៈពេល​ដែលពួកគេ ធ្វើ​ពិធី​អបអរនៃ​ការវិលត្រឡប់មកវិញរបស់​ក្រុម​ជើង​ឯក​ World Cup។

អំឡុងការស្វាគមន៍នៃ​ការ​ត្រឡប់មកផ្ទះវិញដ៏រីករាយរបស់អាហ្សង់ទីននោះ​ អ្នកគាំទ្រមួយក្រុម បានដុតគម្របមឈូសដែល​ធ្វើ​ដោយ​ខ្លួនឯង តុបតែងដោយឈើឆ្កាង និងរូបភាពរបស់កីឡាករ Mbappe ខណៈពេលដែលអ្នកចាំទី Emiliano Martinez របស់​ក្រុម​អាហ្សង់ទីន បានឱប​រូប​ទារកប្រដាប់ក្មេងលេង ដែល​មាន​មុខរបស់កីឡាករ Mbappe ក្នុង​ខណៈ​ពេលដែល​​ក្បួនដង្ហែរថយន្តក្រុងបើកដំបូល ធ្វើ​ដំណើរ​យឺតៗ​ឆ្លងកាត់រដ្ឋធានី។

រូបភាព​ទាំង២ នោះ ​បាន​ល្បី​ពេញ​បណ្ដាញ​​សង្គម ហើយ​ពាក់​ព័ន្ធ​​ករណី​នេះ លោក​ស្រី Oudea-Castera បានប្រាប់វិទ្យុ RTL ថា លោក​ស្រីកំពុងពិនិត្យមើលយ៉ាង​យក​ចិត្ត​ទុក​ដាក់។

លោកស្រី​បានថ្លែង​ថា៖ «ខ្ញុំមិនបានច្រានចោលការពិភាក្សារឿងនេះជាមួយសមភាគីរបស់ខ្ញុំនោះទេ»។ លោក​ស្រី​បាន​បញ្ជាក់​ថែម​ថា ស្ថាប័នបាល់ទាត់របស់ប្រទេសបារាំង ក៏បានសរសេរសំបុត្រ​ទៅកាន់លោក Claudio Tapia ប្រធានសហព័ន្ធ​បាល់ទាត់អាហ្សង់ទីន (AFA) អំពីរឿងនេះផងដែរ ដោយ​​លោក​ស្រី​បាន​លើក​ឡើង​បន្ថែម​​​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា ​រឿង​នេះ​ គឺ​គួរ​ឱ្យ​​អាណិត​អាសូរណាស់»។

ស្ថានទូត​អាហ្សង់ទីន ​នៅ​ទីក្រុង​ប៉ារីស ​មិន​បាន​ឆ្លើយ​តប​ភ្លាមៗនោះ​ទេ ​ចំពោះ​ការ​ស្នើ​​សុំ​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ៕