ភ្នំពេញ៖ដោយសារមានការគាំទ្រយ៉ាងច្រើនពីសំណាក់មាតាបិតាកុមារ និង ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋន មន្ទីរព្យាបាលកុមារដំរីបានពង្រីកការផ្ដល់សេវាបន្ថែមផ្នែករោគស្ដ្រីនិងសម្ភពហើយបានប្ដូរឈ្មោះទៅជា”មន្ទីរព្យាបាលស្ដ្រីនិងកុមារដំរី”ដើម្បីចូលរួមលើកកម្ពស់គុណភាព និងសុវត្ថិភាពលើវិស័យសុខាភិបាល។
ថ្លែងក្នុងពិធីបើកដាក់ឱ្យដំណើរការមន្ទីរព្យាបាលស្ដ្រី និងកុមារដំរី នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត អៀង ហួរ នាយកមន្ទីរព្យាបាលស្ដ្រី និងកុមារដំរីបានគូសបញ្ជាក់ថា ការពង្រីកសេវាកម្មបន្ថែម ផ្នែករោគស្ដ្រី និងសម្ភពនេះគឺដោយមានការគាំទ្រ និងផ្ដល់នូវទំនុកចិត្ដពីអាណាព្យាបាល មាតាបិតា ដែលជឿនិងទុកចិត្ដមកទទួលយកនូវសេវាកម្ម នៅមន្ទីរព្យាបាល កុមារ ដំរី នាពេលកន្លងមក និងដើម្បីជាការរួមចំណែកលើកស្ទួយសេវាសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិតបានថ្លែងថាដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងសង្គមផ្នែកសុខាភិបាលឲ្យកាន់តែទូលំទូលាយផងនោះជាពិសេសក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាល មន្ទីរព្យាបាលបានពង្រីកឱ្យមានសេវាពិនិត្យនិងព្យាបាលរោគស្ដ្រីដោយយកចិត្ដទុកដាក់ទៅ លើស្ដ្រី ព្រមទាំងការ សម្រាលកូន ដោយសុវត្ថិភាព ផ្តោតលើការផ្ដល់សេវាប្រកបដោយគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេស ជិតខាងនិងអន្ដរជាតិ នាពេលខាងមុខ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិតបានថ្លែងបញ្ជាក់ថា៖«ការពង្រីកសេវាកម្មបន្ថែមខាងលើពួកយើងចង់ឱ្យប្រជាជនកម្ពុជាទុកចិត្ដលើសេវា សុខាភិបាលក្នុងស្រុក ផងដែរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងលើគុណភាពនៃការព្យាបាល»។
លោកវេជ្ជបណ្ឌិតអៀង ហួរ បានអះអាងថាតម្រូវការផ្នែកសេវាសុខាភិបាលក្នុងស្រុកមានការកើនឡើងហើយមន្ទីរព្យាបាលមានសមត្ថ ភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការជូនប្រជាជនកម្ពុជាគឺការផ្ដល់សេវាដែលមានគុណភាព សុវត្ថិភាពជូនប្រជាជន ព្រមទាំងមានតម្លៃសមរម្យ។
លោកស្រីវេជ្ជបណ្ឌិត ទេព សម្ផស្ស ឯកទេសផ្នែកសម្ភពនិងរោគស្ដ្រីនៃមន្ទីរព្យាបាលស្ដ្រីនិងកុមារដំរី បានឱ្យដឹងផងដែរថាការបើកពង្រីក សេវាបន្ថែមនេះក្នុងគោលដៅចង់ចូលរួមជួយលើកស្ទួយដល់ផ្នែកសុខាភិបាលដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពរបស់ស្ដ្រីនិងកុមា រឱ្យកាន់តែទាបបំផុតស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកស្រីវេជ្ជបណ្ឌិតសង្ឃឹមថាការបើកពង្រីកសេវាកម្មនេះនឹងចូលរួមជួយលើកស្ទួយដល់ផ្នែកសម្ភពរោគស្ដ្រីនិងកុមារនិងអាចឆ្លើយតប ទៅតាមតម្រូវការប្រជាជនខ្មែរ។
លោកស្រីវេជ្ជបណ្ឌិតយល់ថា៖ «សព្វថ្ងៃនេះ ជំងឺរោគស្ដ្រីកើតមានច្រើន ដោយសារតែស្ដ្រីខ្លះគាត់អត់ទាន់ទទួលព័ត៌មាននិងការព្យាបាលបានត្រឹមត្រូនៅក្នុងប្រទេស ស្ដ្រីខ្លះគាត់មានលទ្ធភាព ពួកគាត់ក៏បានចាកចេញទៅព្យាបាលនៅក្រៅប្រទេស។ ក្រុមគ្រូពេទ្យពួកយើងនឹងអាច ផ្ដល់ព័ត៌មានដល់ស្ដ្រីដែលអាចមកពិគ្រោះ និងព្យាបាលនៅក្នុងមន្ទីរពេទ្យយើងបានគ្រប់ពេលវេលា»។ លោកស្រីបានកត់សម្គាល់ឃើញថា បច្ចុប្បន្នមន្ទីព្យាបាលស្ដ្រីនិងកុមារីដំរីបានទទួលព្យាបាលគ្រប់ជំងឺកុមារទាំងអស់ក្នុងនោះជំងឺកុមារខ្លះគាត់មានភាពស្លេកស្លាំង ខ្លះខ្វះជីវជាតិអាហារខ្លះទៀតមានជំងឺបេដូងចំហពីកំណើតជាដើម។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា៖ដើម្បីកាត់បន្ថយកុំឱ្យមានជំងឺទាំងអស់នោះកើតឡើងលើកុមារពួកយើងខ្ញុំសូមលើកទឹក ចិត្តឱ្យស្ត្រីកំពុងពរពោះគ្រប់រូបមកពិគ្រោះជាមួយពេទ្យជំនាញផ្ដើមស្រាវជ្រាវរកប្រវត្ដិជំងឺគ្រោះថ្នាក់តាំងពីកំណកំណើតពីក្នុងផ្ទៃមក។ លោកស្រីវេជ្ជបណ្ឌិតបន្ដថាពេលសម្រាល ក៏មានពេទ្យផ្នែកកុមារ ជួយសម្រួល ផ្នែកសរីរាង្គដល់កុមារ ហើយនឹងមិនមានបញ្ហាក្នុងការសម្រាលទាំងម្ដាយក៏ដូចជា ទារក ផងដែរ។
សូមជម្រាបជូនថា មន្ទីរព្យាបាលស្ដ្រី និងកុមារដំរី មានបន្ទប់សម្រាលដោយធម្មជាតិ ដោយបំពាក់ដោយឧបករណ៍ទំនើបតាមបទដ្ឋានអន្ដរជាតិ បន្ទប់វះកាត់ និងបន្ទប់ក្រោយការវះកាត់និងមានបន្ទប់សម្រាកសម្រាប់កុមារនិងស្ដ្រីសរុប៣៤បន្ទប់។ទន្ទឹមនេះមានវេជ្ជបណ្ឌិតផ្នែករោគស្ដ្រីចំនួន០៦នាក់វេជ្ជបណ្ឌិតផ្នែកកុមារចំនួន០៨នាក់ និងបុគ្គលិក និងគ្រូពេទ្យសរុបជាង៣០នាក់។ នៅចុងឆ្នាំ២០២២នេះដែរ មន្ទីរ ព្យាបាលស្ដ្រី និងកុមារដំរី ក៏នឹងបញ្ចុះតម្លៃរហូតដល់៥០ភាគរយ សម្រាប់ការពិនិត្យ ព្យាបាល រោគស្ដ្រី និងការពិនិត្យផ្ទៃពោះ៕ដោយៈផាវី