កីឡា

Man City ឡើង​ទៅ​ជួប Southampton បន្ទាប់ពី​ទម្លាក់ Liverpool នៅ League Cup

ក្រុម​មេឃខៀវ Manchester City នឹងបន្តការប្រឹង​ប្រែង​របស់ពួកគេ ដើម្បី​​បាន​ឈ្នះពាន​រង្វាន់ ក្នុង​កម្មវិធី​ League Cup ជាលើកទី៧ ក្នុងរយៈពេល ១០ឆ្នាំ ដោយ​ការឡើង​ទៅវគ្គ​ ១/៤ ផ្តាច់ព្រ័ត្រ ជួបក្រុម Southampton ដែលជាក្រុម​គូប្រជែង នៅ​ក្របខ័ណ្ឌ Premier League។

ក្រុម Man City បានយកឈ្នះក្រុម​ហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯកចាស់ ក្នុងកម្មវិធី League Cup នេះ ក្នុងលទ្ធផល ៣-២ ពី​​ការ​ប្រកួត នៅកីឡដ្ឋាន Etihad កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះ​រាប់​ថា ជាការប្រកួតដំបូង សម្រាប់ក្រុមយក្សទាំង ២ របស់អង់គ្លេស ចាប់តាំងពីការ​ឈប់​សម្រាក សម្រាប់​ព្រឹត្តិការណ៍ World Cup។

ជាមួយ​គ្នា​នេះ​ដែរ អ្នកគាំទ្ររបស់​ក្រុម Charlton ដែល​លេង​នៅ​លីគលំដាប់ទី៣ អាចរៀប​ចំ​ខ្លួន​ត្រៀម​ធ្វើ​ដំណើរទៅកាន់ទឹក​ដី​ «Theatre of Dreams» (រោងល្ខោន​នៃ​ក្ដី​សុបិន) បាន​ហើយ ដែល​​ជា​រង្វាន់ បាន​ពី​ការទម្លាក់​​ក្រុម Brighton ក្នុងវគ្គ​ស៊ុតបាល់ប៉េណាល់ទីកាត់​ក្ដី ដើម្បី​បាន​ឡើង​មក​ប្រកួត​ប ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៅកីឡដ្ឋាន Old Trafford។ Charlton គឺជាក្រុមសល់​មួយ​ចុងក្រោយគេ ដែលមិនមែនជាក្រុម នៅ Premier League ក្នុង League Cup នា​រដូវកាលនេះ។

ចំណែក​ឯ Nottingham Forest ដែល​ក្រុម​ម្ចាស់ជើងឯក League Cup ៤សម័យកាល នឹងធ្វើ​ជាម្ចាស់​ផ្ទះទទួល​ក្រុម Wolves ដែលធ្លាប់​បានលើកពាននេះ ២ដងដែរ ក្នុងជំនួប Midlands Derby (ការ​ប៉ះ​គ្នា​រវាង​ក្រុម​នៅ​តំបន់ Midlands)​។

ការប្រកួតវគ្គ ១/៤ ចុងក្រោយនេះដែរ ឃើញថា​ ក្រុម Newcastle ដែល​កំពុង​ឡើងយ៉ាងខ្ពស់ ក្នុង​តារាង​ពិន្ទុ នៅ Premier League ត្រូវ​ស្វាគមន៍ក្រុម​ម្ចាស់ជើងឯក League Cup ៣សម័យកាល Leicester នៅ​ទឹក​ដី St James’ Park។

ក្រុម​​ត្រូវ​ជួប​​គ្នា ក្នុង​វគ្គ ៨ក្រុម ក្នុង​កម្មវិធី League Cup ដែលគ្រប់​គូ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត នៅយប់​​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ២០២៣​៖

-Manchester United ប៉ះ Charlton

-Southampton ប៉ះ Manchester City

-Nottingham Forest ប៉ះ Wolves

-Newcastle ប៉ះ Leicester៕