សន្ដិសុខសង្គម

អ្នកធ្លាប់ជាប់គុក២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនជាថ្មីពាក់ព័ន្ធគ្រឿងញៀន

កណ្តាល៖ ជនសង្ស័យ២នាក់ធ្លាប់ជាប់ពន្ធនាគារកន្លងមក ត្រូវនគរបាលស្រុកកៀនស្វាយបានចាប់ខ្លួន ជាថ្មីករណីពាក់ព័ន្ធគ្រឿងញៀន។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យធ្លាប់ ជាប់ពន្ធនាគារទាំង២នាក់ត្រូវកម្លាំងជំនាញចាប់ខ្លួនទៀតករណីជួញដូរគ្រឿងញៀន នៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែធ្នូ។

ជនសង្ស័យឈ្មោះ អ៊ុយ ឆក អាយុ២២ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារពីបទជួញដូរគ្រឿងញៀននិងឈ្មោះ ខាត់ វាសនា អាយុ៣១ឆ្នាំ ធ្លាប់ជាប់ពន្ធនាគាររឿងប្រើអំពើហិង្សា។ពួកគេរស់នៅក្នុងភូមិ-ឃុំខាងលើ។ លោកអធិការបានបន្តថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ កម្លាំងនគរបាលប៉ុស្តិ៍ជាមួយនគរបាលស្រុក បានចុះចាប់ជនសង្ស័យម្នាក់ឈ្មោះ អ៊ុយ ឆក ដកហូតវត្ថុតាងគ្រឿងញៀន២កញ្ចប់។

ក្រោយជនសង្ស័យបានសារភាព កម្លាំងបន្តទៅចាប់ឈ្មោះ ខាត់ វាសនា ជាមួយគ្រឿងញៀន ២កញ្ចប់ទៀត។ក្រោយសាកសួរ ជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងគ្រឿងញៀន -ម៉ូតូម៉ាកធូដេ១គ្រឿង-ទូរសព្ទ១គ្រឿង និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួនត្រូវបាន កសាងសំណុំរឿងនឹងបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ