អន្តរជាតិ

អាម៉េរិក៖ ទាហានស៊ីឈ្នួលរុស្ស៊ីទទួលការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង

សហរដ្ឋអាម៉េរិកនិយាយថា ទាហានស៊ីឈ្នួលរុស្ស៊ីកំពុងរៀបចំទទួលការដឹកជញ្ជូនអាវុធពី​កូរ៉េខាងជើងបន្ថែមទៀតហើយ បន្ទាប់ពីទើបតែបញ្ចប់ការបញ្ជូនជើងមុន។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់អាម៉េរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុម Wagner ឬហៅថាទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានទទួលយកការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើងយ៉ាងពិតប្រាកដ ដើម្បីជួយពង្រឹងកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ “យើងអាចបញ្ជាក់បានថា កូរ៉េខាងជើងបានបញ្ចប់ការប្រគល់អាវុធដំបូងទៅឱ្យទាហានស៊ីឈ្នួលទាំងនោះ សម្រាប់ឧបករណ៍យោធាសំខាន់ៗដូចជាគ្រាប់​រ៉ុក្កែត និង​កាំជ្រួចដូចដែលបញ្ជូនកាលពីខែមុន​ចូល​ទៅ​ក្នុង​ប្រទេស​រុស្ស៊ី”។

បើទោះជាបរិមាណសម្ភារដែលផ្តល់ដោយកូរ៉េខាងជើងនឹងពុំសូវជាអាចផ្លាស់ប្តូរសក្ដានុពល ឬជួយដល់កងកម្លាំងរុស្ស៊ីបានច្រើនក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិកមានការព្រួយបារម្ភថាកូរ៉េខាងជើង​កំពុងរៀបចំផែនការបញ្ជូនសម្ភារយោធាបន្ថែមទៀតដល់ទាហានស៊ីឈ្នួលទាំងនោះ។ មន្ត្រីរូបនេះបានបន្ថែមថា លោកពូទីនបានចាប់ផ្តើមងាកទៅរកក្រុមស៊ីឈ្នួលដែលគ្រប់គ្រងដោយ​សម្ព័ន្ធមិត្តរបស់គាត់ឈ្មោះ Yevgeny Prigozhin ជាអត្ថិភាពតែម្តងសម្រាប់ការច្បាំងនៅក្នុងប្រទេស​អ៊ុយក្រែន ខណៈទាហានស្ម័គ្រចិត្តផ្សេងទៀតមិនមានសមត្ថភាពគ្រប់គ្រាន់។ ដោយឡែក​ជុំវិញការចោទប្រកាន់ កូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀត៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា