អន្តរជាតិ

ហ្សេឡិនស្គីបានត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែនដោយសុវត្ថិភាព

ក្រោយធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិករួចរាល់ចប់សព្វគ្រប់ហើយ ហ្សេឡិនស្គី​មេដឹកនាំអ៊ុយក្រែនបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញដោយសុវត្ថិ ភាព។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា ប្រធានាធិបតី Zelenskyy បានវិលត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែនវិញហើយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ច១ថ្ងៃនៅសហរដ្ឋអាម៉េរិកនៅថ្ងៃពុធ ទី ២១ ខែធ្នូ ឆ្នាំ២០២២។ លោក Sergii Nykyforov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនបានឆ្លងកាត់តាមព្រំដែនចូលមកប្រទេសកំណើតដោយសុវត្ថិភាព ខណៈបានទាំងឆ្លៀតពេលឆៀងចូលជួបជាមួយលោកប្រធានាធិបតីប៉ូឡូញ Andrzej Duda ដែលជាសម្ព័ន្ធមិត្តទៀតផង។ សម្រង់សារហ្សេឡិនស្គី “យើងកំពុងត្រលប់មកពីវ៉ាស៊ីនតោនវិញ​ជាមួយនឹងលទ្ធផលល្អ”។ ដោយបាន​អរគុណ​លោក​ប្រធានាធិបតី Joe Biden និង​សភា​អាម៉េរិក​ដែល​បាន​គាំទ្រ​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី។

ជុំវិញដំណើរក្រៅប្រទេសលើកដំបូងនេះ លោកស្គីមិនត្រូវបានគេរាយការណ៍ពីករណី ឬឧប្បត្តិហេតុ​មិនប្រក្រតីណាមួយកើតឡើងនោះទេ៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា