សេដ្ឋកិច្ច

វេទិកា​គយ​កម្ពុជា បញ្ជ្រាប​ការយល់ដឹង​ដល់​ធុរជន​ក្នុង​គោលដៅ​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​

ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) និង​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២​បាន​សហការ​រៀបចំ​វេទិកា​គយ​កម្ពុជា លើក​ទី​២ ក្រោម​អធិបតីភាព​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា អមដោយ​សមាជិក​-​សមាជិកា​សភាពាណិជ្ជកម្ម​កម្ពុជា និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម ដោយ​ធុរជន​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ​។​

​វេទិកា​គយ​កម្ពុជា​លើក​ទី​២​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង បញ្ជ្រាប​ការយល់ដឹង​ពី​វឌ្ឍនភាព​ថ្មីៗ​នៃ​ការងារ​គយ​និង​រដ្ឋាករ​ជាពិសេស​ការធ្វើ​ទំនើបកម្ម​និង​សាមញ្ញ​កម្ម​នីតិវិធី​គយ​, អភិបាលកិច្ច​និង​ការកែលម្អ​ការផ្តល់សេវា និង​ការពង្រឹង​អនុលោមភាព និង​ការអនុវត្ត​ច្បាប់​ជាដើម​។

​អ្នកឧកញ៉ា គិត ម៉េង បាន​គូសបញ្ជាក់ថា វេទិកា​គយ​លើក​ទី​២​នេះ ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១០ ហើយ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ក្រោម​យន្តការ​នេះ បរិយាកាស​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​កម្ពុជា ត្រូវបាន​លើកកម្ពស់ និង​កែលម្អ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់ ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំពោះមុខ និង​ឆ្លើយតបបាន​ទាន់ពេលវេលា នូវ​រាល់​សំណូមពរ​ចាំបាច់​របស់​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​ក្នុង​បរិការណ៍​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​សកល​មាន​ភាពរអាក់រអួល​ដោយសារ​វិបត្តិ​ផ្សេងៗ​កន្លងមក​។​

​ក្នុងឱកាស​នោះដែរ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ទៅកាន់​អង្គពិធី ដោយបាន​គូស​រំលេច​អំពី​សារសំខាន់​នៃ​វេទិកា​ថ្ងៃនេះថា​ជា​ផ្នែក​មួយ​នៃ​ការខិតខំ​បញ្ជ្រាប​ការយល់ដឹងដល់​សាធារណជនពិសេស​ធុរជន​ពាក់ព័ន្ធស្ដីពី​ច្បាប់ បទ​ប្បញ្ញត្តិការងារ​បច្ចេកទេស​គ​យ និង​នីតិវិធី​គយ​សំដៅ ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម លើកកម្ពស់​ការប្រកួត​ប្រជែង ប្រកបដោយ​សមធម៌ និង​ពង្រឹង​អនុ លោមភាព ក៏ដូចជា​កែលម្អ​វប្បធម៌​សារពើពន្ធ នៅ​កម្ពុជា​បន្ថែមទៀត ដើម្បី​ចូលរួម​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​បរិ​យាប​ន្ន​។​

​បន្ថែម​លើ​នេះ មន្ត្រី​ជំនាញ​មកពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ ពាក់ព័ន្ធ​នឹង​ការងារ​គយ​មួយ ចំនួន​រួមមានការអនុវត្ត​នីតិវិធី​បំពេញបែបបទមុនពេល​ទំនិញ​មកដល់​,ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី​៣ និង​ប្រព័ន្ធ​បញ្ជរ​តែមួយ ​អាស៊ាន​,ការអនុវត្ត​កម្មវិធី​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច ទទួលបាន​ការអនុញ្ញាត​និង​ធុរជន​ល្អ​បំផុត​, ច្បាប់​ស្ដីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការងារ​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​រដ្ឋបាល​គយ​, ការងារ​បច្ចេកទេស​គ​យ និង​សវនកម្ម​គយ ជាដើម​។​

​វេទិកា​ក៏​បើក​ឱ្យមាន​កិច្ចពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ការលើកឡើង​នូវ​សំណូមពរ​មួយចំនួន ព្រមទាំង​សំណួរ​-​ចម្លើយ ពី​បញ្ហា​នានា​ពាក់ ព័ន្ធ​នឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ប្រតិបត្តិការ​គយ​និង​រដ្ឋាករការបំពេញ​បែបបទ​គ​យការផ្តល់សេវា ការពង្រឹង​អនុលោមភាពនិង​ការ អនុវត្ត​ ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានាជា​ធរមាន​ផងដែរ​៕​ដោយៈសិរីមតី