អន្តរជាតិ

រុស្ស៊ីថាមិនខ្លាច ញញើតនឹងមីស៊ីល Patriot អាម៉េរិកឡើយ

ក្រោយអាម៉េរិកបានបញ្ជាក់ជាផ្លូវការពីការផ្តល់ប្រព័ន្ធមីស៊ីលPatriot កំពូលទៅអ៊ុយក្រែន រុស្ស៊ីស្រាប់តែឆ្លើយតបថា មិនខ្លាចញញើតឡើយ ខណៈប្រព័ន្ធនេះនឹងមិនអាចផ្លាស់ប្តូរគោលដៅ ណាមួយរបស់រុស្ស៊ីទេ។

នៅក្នុងការហៅទូរសព្ទចុងក្រោយជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការផ្គត់ផ្គង់ប្រព័ន្ធកាំជ្រួច Patriot របស់សហរដ្ឋអាម៉េរិកទៅអ៊ុយក្រែន ដែលបានប្រកាសក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ Zelenskyy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃពុធ នឹងមិនរួមចំណែកដល់ការបញ្ចប់ជម្លោះនោះទេ ហើយនឹងមិនរារាំងប្រទេសរុស្ស៊ីពីការ សម្រេចបាននូវគោលដៅរបស់ខ្លួនឡើយ។

លោកបន្តថា មិនមានសញ្ញាណាមួយសម្រាប់កិច្ចចរចាសន្តិភាពក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ Zelenskyy ហើយថានេះគឺជាភស្តុតាងដែលបង្ហាញថាសហរដ្ឋអាម៉េរិកកំពុងធ្វើសង្គ្រាមប្រូកស៊ី ជាមួយ រុស្ស៊ី រហូតដល់ថ្ងៃចុងក្រោយសម្រាប់ជនជាតិអ៊ុយក្រែន។ បន្ថែមពីនេះ Peskov មិនបានជម្រាបពីផែនការ សម្រាប់ចាត់ការប្រព័ន្ធ  Patriot នោះទេ ទន្ទឹមនឹងមិនទាន់មានដំណឹងច្បាស់ការណ៍ថា អ៊ុយក្រែនគ្រោង នឹងដាក់ប្រព័ន្ធនេះនៅតាមខ្សែបន្ទាត់ជួរមុខ ឬអត់។

Patriot គឺជាប្រព័ន្ធកាំជ្រួចពីដីទៅអាកាស និងប្រព័ន្ធមីស៊ីលប្រឆាំងកាំជ្រួចផ្លោង ដែលអាចបាញ់ទម្លាក់ កាំជ្រួចដែលចូលមក មុននឹងបាញ់ដល់គោលដៅដែលគេចង់បាន។ Patriot ក៏អាចបាញ់ទម្លាក់យន្តហោះ បានផងដែរ ដោយបំពាក់លើរថយន្តផ្ទុកទំនិញ ផ្លាស់ទីគ្រប់កន្លែង ប្រព័ន្ធនីមួយៗមានផ្ទុកកាណុងបាញ់ ចំនួនបួន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា