អន្តរជាតិ

រុស្ស៊ីថាកងកម្លាំងខ្លួនកំពុងបញ្ចប់ប្រតិបត្តិការទាញយកតំបន់ខេត្តដូណេត

រុស្ស៊ីចេញរបាយការណ៍ថា កងកម្លាំងរបស់ពួកគេកំពុងឈានទៅបញ្ចប់ប្រតិបត្តិការទាញយកខេត្ត ដូណេតអ៊ុយក្រែនហើយ ខណៈបានប្រមូលផ្តុំកងកម្លាំងត្រៀមរួចរាល់។

យោងតាមសារព័ត៌មានរ៉យទ័រ សេចក្តីរាយការណ៍នេះត្រូវបានប្រកាសដោយអគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២។ Gerasimov មានប្រសាសន៍ថា ខ្សែជួរមុខរបស់ រុស្ស៊ីនៅអ៊ុយក្រែនកំពុងមានស្ថិរភាព មិនបានបាក់ ឬចាញ់ប្រៀបដូចអ៊ុយក្រែនលើកឡើងនោះទេ រុស្ស៊ីបានប្រមូលផ្តុំកម្លាំងរបស់ខ្លួនរួចរាល់សម្រាប់ “ការបញ្ចប់ការរំដោះ” ដណ្តើមយកតំបន់ខេត្ត Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ មន្រ្តីរូបនេះបានបន្តប្រាប់ទៀតថា “កងកម្លាំងរុស្ស៊ីមានការខិតខំ ព្យាយាមយ៉ាងខ្លាំងទៅលើសកម្មភាពរបស់ពួកគេ គោរពតាមបញ្ជានៃប្រតិបត្តិការយោធាពិសេស យ៉ាងយកចិត្តទុកដាក់”។

យោងតាមប្រភពដដែល របាយការណ៍នេះចេញក្រោយគ្នាបន្តិចបន្ទាប់ពីខាងអ៊ុយក្រែនបានអះអាងថា បានវាយទប់ទល់ទាហានស៊ីឈ្នួលរុស្ស៊ីយ៉ាងមានប្រសិទ្ធភាព ខូចខាតខាងរុស្ស៊ីយ៉ាងដំណំ។ យ៉ាងណាក៏ដោយ ប្រភពឯករាជ្យរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ត្រឹមត្រូវពីភាគីទាំងសងខាងបាននោះទេ។ ឆ្លងកាត់សង្រ្គាមជាង៣០០ថ្ងៃនេះ ប្រទេសរុស្ស៊ីបានកំណត់គោលដៅសង្គ្រាមរបស់ខ្លួនថាជាការ គ្រប់គ្រងទាំងស្រុងនៃតំបន់ Donbas ភាគខាងកើត រួមមាន Donetsk និងLuhansk ខណៈលូហាន់ កាន់កាប់ទាំងស្រុង តែដូណេតរុស្ស៊ីកាន់កាប់តែ៦០%ប៉ុណ្ណោះ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា