សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យប្រើកាំបិតខ្វែវ កាប់គេរបួសធ្ងន់ទៅតុលាការ

បាត់ដំបង៖ កម្លាំងនគរបាលបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធអំពើហិង្សា​ប្រើកាំបិតខ្វែវ​កាប់លើជនរងគ្រោះឱ្យរងរបួសធ្ងន់ ហើយបញ្ជូនទៅតុលាការ។ករណីនេះបានកើតឡើងនៅម្តុំព្រៃឫស្សី ភូមិ-ឃុំ-ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកកំរៀងជាមួយនគរបាលប៉ុស្តិ៍បាន​ស្រាវជ្រាវចាប់ជនសង្ស័យពាក់ព័ន្ធអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ជនសង្ស័យឈ្មោះ យឹម សារ៉ាត់ អាយុ៥៨ឆ្នាំ បានប្រើប្រាស់កាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ គិ គូ អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិ ឃុំខាងលើចំក្បាលចំនួន៨កន្លែង ដៃខាងស្ដាំ២កន្លែង រងរបួសធ្ងន់ធ្ងរ។បុរសដែលចាប់ខ្លួនបានសារភាពថា ខ្លួនពិតជាបានកាំបិតកាប់ទៅលើជនរងគ្រោះប្រាកដមែន។

ករណីហិង្សាខាងលើបណ្តាលមកពីទៅកាប់កូនឈើយកមកធ្វើរោងស្នាក់នៅ។ពេលកំពុងកាប់កូនឈើ ខ្លួនខឹងជនរងគ្រោះយូរមកហើយរឿងធ្វើម្ហូបហូបបាយ ក៏យកកាំបិតកាប់ទៅលើជនរងគ្រោះពីក្រោយខ្នង​បណ្ដាលរងរបួសធ្ងន់តែម្តង។ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី​ចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ