សន្ដិសុខសង្គម

ជំនាញបង្ក្រាបមងនិងសន្ទូចរាប់ពាន់ម៉ែត្រ នៅតំបន់អភិរក្សផ្សោតក្នុងទន្លេមេគង្គ

ស្ទឹងត្រែង៖កម្លាំងជំនាញជលផលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១-២២ ​ខែធ្នូ បានចុះបង្ក្រាប​ដោយដកហូតមងនិងសន្ទូចរាប់ពាន់ម៉ែត្រនៅតំបន់អភិរក្សផ្សោតតាមដងទន្លេមេគង្គ។

លោកស្រីសម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ខែធ្នូនេះថា ក្រោយពីមានសត្វផ្សោតងាប់នៅទន្លេមេគង្គព្រំប្រទល់ខេត្តស្ទឹងត្រែង-ក្រចេះ នាពេលថ្មីៗនោះមក មន្ត្រីជំនាញជាមួយអង្គការក្រៅរដ្ឋាភិបាល សមត្ថកិច្ចពាក់ព័ន្ធឆ្មាំការពារតំបន់អភិរក្ស​៤កន្លែងបានរឹបអូសមងនិងសន្ទូចរនងរាប់ពាន់ម៉ែត្រ។

នាយខណ្ឌរដ្ឋបាលជលផលបន្តថា នេះគឺជាវិធានការក្តៅដើម្បីចាត់វិធានការដ៏តឹងរ៉ឹងទៅលើអ្នក​ប្រព្រឹត្តបទល្មើស​នេសាទបន្ទាប់ពីចំនួនសត្វផ្សោតនៅតំបន់ទន្លេមេគង្គងាប់និងមានការ​ធ្លាក់ចុះជាបន្តបន្ទាប់។កាលពីថ្ងៃទី២១ ខែធ្នូ ក្រុមការងារបានរឹបអូសមងប្រវែង២.៩៧៥​ម៉ែត្រនិងសន្ទូចរនងប្រវែង២.៩៩០ម៉ែត្រមាន២.៤៨៣ផ្លែ។អប់រំនិងធ្វើកិច្ចសន្យាដល់ប្រជានេសាទ​៣នាក់ឱ្យបញ្ឈប់ការនេសាទនៅតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ។

ថ្ងៃទី២២ ខែធ្នូ ដកហូតមងបានប្រវែង២.២២០ម៉ែត្រនិងសន្ទូចរនងប្រវែង១.២២០ម៉ែត្រមាន១.១០០ផ្លែ។អប់រំផ្សព្វផ្សាយដល់ប្រជានេសាទ៥នាក់ អំពីកិច្ចការពារអភិរក្សសត្វផ្សោតនិងកុំឱ្យនេសាទ​ខុសច្បាប់តទៅទៀត៕ដោយ៖សុខុម