កីឡា

Rashford មាន​ចំណែកក្នុង​ជ័យជម្នះ​របស់ Man Utd ខណៈ Charlton ទម្លាក់ Brighton នៅ League Cup

ខ្សែប្រយុទ្ធ Marcus Rashford បានវិលពីការបំពេញកាតព្វកិច្ចជាមួយ​ក្រុម​ជម្រើសជាតិ ក្នុង​ព្រឹត្តិការណ៍ World Cup វិញ ជាមួយនឹងគ្រាប់បាល់​ដ៏អស្ចារ្យ ដោយ​ការ​បណ្ដើរ​តែម្នាក់ឯង​ទៅ​ស៊ុត​បញ្ចូល​ទី ខណៈដែលក្រុម​បិសាចកក្រហម Manchester United ធ្វើ​ដំណើរ​ទៅវគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​កម្មវិធី League Cup កាលពីថ្ងៃពុធ ជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Burnley ស្រប​ពេល​ដែល​ក្រុម​ក្នុងក្របខ័ណ្ឌ Premier League ជាមួយ​គ្នា គឺ Brighton ត្រូវបានទម្លាក់ដោយក្រុម Charlton ដែល​លេង​នៅ​លីគ​កម្រិត​ទី ៣។

ហ្គេម​ដំបូងរបស់ក្រុម Man Utd ចាប់តាំងពី World Cup និងជាលើកទី១ របស់ពួកគេ ចាប់តាំងពីការចាកចេញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ពីទឹក​ដី Old Trafford បានឃើញ​ថា ពួកគេបាន​នាំមុខ នៅ​នាទីទី​២៧ តាមរយៈការ​ស៊ុត​របស់ខ្សែបម្រើ​សញ្ជាតិដាណឺម៉ាក Christian Eriksen ដែលបានបង្ហាញ​ខ្លួន​ផង​ដែរ ក្នុង​ព្រឹត្តិការណ៍ នៅប្រទេស​កាតា នា​ឆ្នាំ២០២២ នេះ។

កីឡាករ Rashford ដែលរក​បាន ៣គ្រាប់ឱ្យក្រុមតោកំណាចអង់គ្លេស នៅ World Cup បានបន្ថែម​ការ​នាំ​មុខ​ឱ្យ​ក្រុម​ Man Utd នៅនាទីទី៥៧ សម្រាប់​ការ​ប្រកួត​ទល់នឹងក្រុម Burnley ដែលដឹក​នាំ​ដោយលោក Vincent Kompany ជាមួយ​នឹង​បច្ចេក​ទេស​យ៉ាង​ល្អ​អស្ចារ្យ ដោយខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេសរូប​នេះ ​បានរត់​បណ្ដើរ​បាល់​តាំង​​ពី​ពាក់​កណ្ដាលតារាង ហើយ​ចូល​​ទៅ​ក្នុង​ប្រអប់គ្រោះ​ថ្នាក់​​របស់​ក្រុម​គូបដិបក្ខ មុន​ពេល​ស៊ុតទម្លុះ​​សំណាញ់​ទី។

ចំណែក​ក្រុម Brighton បាន​ខ្ទាត​ចេញ​ពី​ការ​ប្រកួត​ប្រជែងនៃ​កម្មវិធី​នេះ ដោយ​ការចាញ់ ក្នុងវគ្គស៊ុត​​ប៉េណាល់ទីកាត់ក្ដី ពោល​គឺ​កើតឡើង ក្នុង​​​រយៈពេល​តែ ៣​ថ្ងៃ​បន្ទាប់​ពី​កីឡាករ​របស់​ក្លិប គឺ Alexis Mac Allister បាន​ឈ្នះពាន​រង្វាន់ World Cup ជាមួយក្រុម​​អាហ្សង់ទីន​។

លទ្ធផលស្មើដោយគ្មានគ្រាប់បាល់ ក្នុង​ម៉ោង​ធម្មតា បានធ្វើឱ្យការប្រកួតឈានដល់ការស៊ុតបាល់ ប៉េណាល់ទី ដើម្បី​រក​ក្រុម​ឈ្នះ ហើយ​ចុង​ក្រោយ ក្រុម Charlton បានកក់កៅអី​របស់ពួកគេក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះ ៤-៣ ក្នុង​វគ្គទាត់កាត់ក្ដី​នេះ៕